ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ បុរសម្នាក់បានធ្វើដំណើរដោយម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នាបុកពីក្រោយ និងកិនអ្នកបើកបរម៉ូតូ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកអធិការស្រុកកណ្ដៀង បានឱ្យដឹងទៀតថា ករណីនេះ កើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី បន្តថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1A7686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ ហៅ វិត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយនិងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
លោកអធិការបានបន្តថា បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕
ដោយ៖សហការី