ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្ដីពី ការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ (វិសោធនកម្ម ចំណុចទី២១-២៧) និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. ឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោត ឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។
២. ឯកភាពលើប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (វិសោធនកម្ម ចំណុចទី២១-២៧)។
ចំណុចទី២១ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលបណ្តោះអាសន្តផង គ.ជ.ប (ករណីគ្មាន ឬមានពាក្យបណ្ដឹង និងគ្មានការបោះឆ្នោតសាជាថ្មី) ប្រកាស ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃចុងក្រោយ)។
. ចំណុចទី២៧ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្ដឹង និងករណ៏គ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
៣. ឯកភាពលើសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ តាមការសម្រេចរបស់អង្គប្រជុំ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
មុនបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាព ជំនាញប្រមូលឱ្យបានឆាប់របាយការណ៍ និងអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែល បានមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕
ដោយ ៖ សហការី