ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះរបស់ស្រ្តីក្រីក្រម្នាក់នៅស្រុកសាមគ្គីមានជ័យ អស់ខ្ទេចទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងរបស់ស្រ្តីក្រីក្រម្នាក់ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុងគ្មានសល់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ចាក់ពីមន្រ្តីនគរបាលឃុំធ្លកវៀន បានប្រាប់ឱ្យដឹងថា គ្រួសារក្រីក្រដែលត្រូវអគ្គិភ័យឆេះផ្ទះនេះ មានឈ្មោះ ឯល គ្រឿន ភេទស្រី អាយុ ៧៤ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ មានទំហំ ៤ម×៦ម ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹក ឆេះអស់ទាំងស្រុង សូម្បីតែសំបុត្រកំណើត សៀវភៅគ្រួសារ និងប័ណ្ណក្រីក្រ និងថវិកាមួយចំនួនផងដែរ ។

បើតាមការបញ្ជាក់របស់ស្ត្រីរងគ្រោះ ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ ក្រោយពីដំាបាយស្លរួច រូបគាត់ក៏បានហូបបាយ រួចរាល់ ហើយក៏បានចូលសម្រាក ប៉ុន្តែភ្លេចមិនបានពន្លត់ភ្លើងដែលនៅនឹងជើងក្រានទេ លុះយប់ឡើងដោយសារមានខ្យល់ខ្លះផងបង្កឱ្យភ្លើងដែលនៅនឹងជើងក្រានបន្តឆាបឆេះសន្ធោសន្ធៅតែម្តង ខណៈដែលរូបគាត់កំពុងសម្រាកនៅក្នងផ្ទះនោះ។ នៅពេលដែលគាត់រត់ចេញនោះមិនបានយកអ្វីនោះទេ ទ្រព្យសម្បត្តិតិចតួចដែលគាត់មានក៏ត្រូវអគ្គិភ័យឆេះបំផ្លាញខ្ទេចខ្ទីអស់រលីង គ្មានសល់អ្វីឡើយ គឺនៅសល់តែខោអាវមួយចង្កេះតែប៉ុណ្ណោះ ។ ពេលដែលឆេះផ្ទះនោះអ្នកស្រុកបានមកជួយដែរ តែមិនអាចជួយទាន់ ព្រោះភ្លើងបានឆេះខ្លាំងទៅហើយ ។ 

ស្រ្តីរងគ្រោះរូបនេះបានបញ្ជាក់ថា ពេលនេះរូបគាត់ពិតជាអស់សង្ឃឹមខ្លាំងណាស់ ព្រោះផ្ទះដែលធ្លាប់រស់នៅនាពេលនេះឆេះអស់មិនដឹងបានអីស្នាក់នៅនោះទេ  មានតែពឹងលើបងប្អូនសប្បុរសជនជិតឆ្ងាយនេះឯងដែលអាចជួយរូបគាត់ក្នុងគ្រាដ៏លំបាកនេះផង ៕

ដោយ ៖ ចន្ថា


ចែករំលែក៖