ព័ត៌មានទាន់ហេតុការណ៍៖

ដោយបារម្ភអំពីផលវិបាកនៃការដុតគម្ពីរកូរ៉ាន ស៊ុយអែតស្នើវិធានការការពារពលរដ្ឋ

ចែករំលែក៖

នៅថ្ងៃទី ១ ខែសីហា រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារពលរដ្ឋចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទាំងនៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាកថា ការដុតគម្ពីរកូរ៉ានអាចនាំឱ្យមានការតវ៉ាដោយហិង្សា។
តាមនោះ នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson និងរដ្ឋមន្ត្រីយុត្តិធម៌ Gunnar Stromer បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១ ខែសីហា ស្តីពីស្ថានភាពសន្តិសុខទាក់ទងនឹងការដុតគម្ពីរកូរ៉ាន ហើយបានប្រកាសវិធានការដើម្បីការពារពលរដ្ឋនៃប្រទេសនេះ។ ការដុតគម្ពីរកូរ៉ានបានបន្តនៅថ្ងៃទី ៣១ ខែកក្កដា ទោះបីជារដ្ឋាភិបាលនៃប្រទេសស៊ុយអែត និងដាណឺម៉ាកបាននិយាយថាពួកគេកំពុងសិក្សាវិធីដើម្បីកំណត់សកម្មភាពទាំងនេះដោយស្របច្បាប់ ដើម្បីជួយបន្ថយភាពតានតឹង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់ប្រទេសស៊ុយអែត (PET) បាននិយាយថា សកម្មភាពនៃការដុតគម្ពីរកូរ៉ាន នាំឱ្យមានការកើនឡើងហានិភ័យនៃការវាយប្រហារ។
កាលពីថ្ងៃទី ៣១ ខែកក្កដា អង្គការសហប្រតិបត្តិការឥស្លាម (OIC) បានបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ថ្មីៗ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនៃការដុតគម្ពីរកូរ៉ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ OIC បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យប្រទេសសមាជិកចាត់វិធានការនយោបាយ ឬសេដ្ឋកិច្ចសមស្របនៅក្នុងប្រទេសទាំងនោះ ដែលការប្រមាថគម្ពីរកូរ៉ានបានកើតឡើង។
បន្ទាប់ពីសម័យប្រជុំរបស់ OIC រដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom និងសមភាគីដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ប្រទេសទាំងពីរនឹងបន្តការសន្ទនាជាមួយអង្គការដែលមានសមាជិកចំនួន ៥៧ ។ យោងតាមលោក Billstrom ស៊ុយអែតនឹងសិក្សាដោយប្រុងប្រយ័ត្ននូវអនុសាសន៍របស់ OIC ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖