ភ្នំពេញ ៖ ការចូលរួមបរិច្ចាគនូវថវិកា ទោះតិចក្តី ច្រើនក្តី ដែលផ្ដើមចេញពីទឹកចិត្ត បេះដូងពលរដ្ឋខ្មែរម្នាក់ៗ ពិតជាមានគុណតម្លៃបំផុត សម្រាប់ទ្រទ្រង់ជីវិតកុមារកម្ពុជា ក្នុងការសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ពិសេសយើងទទួលបាននូវកុសលផលបុណ្យដ៏ធំធេង។
អ្នកនិយមលេង facebook បានលើកឡើងថា : នៅពេលដែលយើងចូលទៅឃើញស្ថានភាពកុមារកំពុងគេងលើគ្រែពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឱ្យយើងមើលឃើញថា ការចូលរួមចំណែករបស់ពួកយើងមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតកុមារកម្ពុជា។
តាមរយៈ facebook បានបង្ហាញ រូបភាពប៉ុន្មានសន្លឹកនេះ គឺកុមារតូចកំពុងសង្គ្រោះនៅអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» នៃមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ អគារនេះដាក់ឱ្យប្រើប្រាស់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ អគារនេះបំពាក់បរិក្ខាពេទ្យទំនើបសម្រាប់កុមារមានជំងឺធ្ងន់ធ្ងរ ហើយក៏មានសមត្ថភាពវះកាត់បេះដូង ឆ្អឹង និងប្រព័ន្ធប្រសាទផងដែរ។ កុមារខ្លះកើតភ្លាមត្រូវវះកាត់បេះដូង ហើយត្រូវគេងលើគ្រែពេទ្យនេះរាប់ខែ ដោយគ្មានបង់ប្រាក់មួយរៀលនោះឡើយ។
អ្នកលេង facebook បានបញ្ជាក់ថា , ៤ឆ្នាំនៃវត្តមានអគារមួយខ្នងនេះ បានជួយសង្គ្រោះកុមារកម្ពុជារាប់ពាន់នាក់ពីទ្វារមច្ចុរាជនៃជំងឺដែលធ្ងន់ធ្ងរ។
យើងដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យមនុស្សធម៌ ព្យាបាលមិនយកកម្រៃ ដែលមានអាយុកាល៣០ឆ្នាំហើយ។ មន្ទីរពេទ្យចំណាយខ្ទង់ប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។ កម្លាំងទ្រទ្រង់សំខាន់ដល់ដំណើរការមន្ទីរពេទ្យនេះ គឺការបរិច្ចាគរបស់សម្បុរសជន។ ពីមុនពឹងផ្អែកស្ទើរតែទាំងស្រុងពីមូលនិធិរបស់ស្វីស។ តែរយៈពេលប្រមាណ៥ឆ្នាំហើយ មន្ទីរពេទ្យទទួលបានការទ្រទ្រង់បន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន។
មុនពេលមានមូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផាតែងប្រឈមនឹងការអស់ប្រាក់សម្រាប់ទ្រទ្រង់ដំណើរការ។ តែក្រោយមានមូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យអាចមានទុនបម្រុងប្រមាណពីរឆ្នាំ មានន័យថាហានិភ័យនៃការគាំងដំណើរការរបស់មន្ទីរពេទ្យត្រូវបានកាត់បន្ថយ។ បន្ថែមពីលើនោះ មន្ទីរពេទ្យក៏មានលទ្ធភាពពង្រីកការពង្រឹងគុណភាពការព្យាបាលតាមរយៈការបំពាក់បរិក្ខារពេទ្យទំនើបៗ។ ជាសក្ខីភាពដូចជាវត្តមានអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ដែលកំពុងមានបច្ចុប្បន្ន។
ទោះយ៉ាងណា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគក្នុងមួយឆ្នាំត្រឹមប្រមាណ ១៨លានដុល្លារប៉ុណ្ណោះ។ ធៀបនឹងទំហំថវិកាពីមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយទំហំចំណាយប្រចាំឆ្នាំប្រមាណ ៤០លានដុល្លារនោះ គឺនៅមានការខ្វះខាតច្រើន ហើយបើគ្មានការបំពេញពីមូលនិធិគន្ធបុប្ផាប្រទេសស្វីសទេនោះ គឺមន្ទីរពេទ្យនឹងជួបបញ្ហា។
ពលរដ្ឋខ្មែរ១៧លាននាក់ បើមានត្រឹម៥លាននាក់ បរិច្ចាគ១ខែមួយដុល្លារ ដូច្នេះមួយឆ្នាំក៏យើងអាចបាន៦០លានដុល្លារដែរ។ បើដូច្នោះយើងមិនព្រួយពីមន្ទីរពេទ្យនេះជួបបញ្ហានោះឡើយ ហើយស្នាមញញឹមកុមាររបស់កម្ពុជា ក៏នៅតែរក្សាបាន។
លោក Vann Saray បាបសរសេរថា , ខ្ញុំបានជ្រើសរើសដំណើរចូលរួមជួយគន្ធបុប្ផាតាមរយៈការបរិច្ចាគមួយខែ១០ដុល្លារ បានជិត២ឆ្នាំហើយ។ ក្រៅពីគន្ធបុប្ផា ខ្ញុំក៏បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ១០ដុល្លារផងដែរ។
លោកបន្តថា, ការបង្ហោះនេះ ខ្ញុំមិនមែនចង់បង្អួតពីទឹកចិត្តខ្ញុំទៅកាន់សាធារណជននោះទេ។ បំណងខ្ញុំចង់បំផុសខ្មែរមានលទ្ធភាពចូលរួមទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺជួយការពារសង្ខារកុមារកម្ពុជាពីជំងឺតម្កាត់ផ្សេងៗ។
ការបរិច្ចាគទៅកាន់គន្ធបុប្ផាមិនលំបាកទេ គ្រប់ប្រព័ន្ធឌីជីថលនៃធានាគារនៅកម្ពុជា សុទ្ធតែមានតំណបរិច្ចាគ។
សូមបញ្ជាក់ថា , ប្រជាពលរដ្ឋកម្ពុជា មានចិត្តសប្បុរស ខ្មែរស្រឡាញ់ខ្មែរ ទោះតិចក្តី ច្រើនក្តី បានចំណាយថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្លាយជាវប្បធម៌មួយដ៏ល្អ ដែលខ្មែររួបរួមគ្នា ឱ្យតម្លៃបំផុតចំពោះវិស័យសុខាភិបាល លើសេវាជួយលើ ការសង្គ្រោះអាយុជីវិតរបស់កុមារ គឺមានគុណតម្លៃធំធេងណាស់ ដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមពុំបាន ។ ប្រជាពលរដ្ឋដែលរស់នៅក្រោមដំបូលសន្តិភាព សម័យតេជោ មានការវិវត្តន៍ផ្នត់គំនិត សីលធម៌ ការគោរពស្រឡាញ់គ្នា ជួយគ្នាក្នុងគ្រាលំបាក ដោយគ្មានការរើសអើង ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើង ចេះស្រឡាញ់គ្នា ស្រឡាញ់ទឹកដី ឱ្យតម្លៃសន្តិភាព រីករាយអបអរសាទរ នឹងប្រទេសជាតិកំពុងអភិវឌ្ឍ លើគ្រប់វិស័យ ៕
ដោយ : សហការី