ព័ត៌មានទាន់ហេតុការណ៍៖

ប្រើផ្លែឡាម​​អារខ្សែចងទ្វារតូបលក់មាស​ លួចបានសម្រេច​ ខណៈ​ម្ចាស់កំពុង​ដេកលង់លក់​ ចុងក្រោយ​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​២នាក់​ បានធ្វេី​សកម្មភាព​ប្រើផ្លែឡាម​​អារខ្សែចងទ្វាររោងខាងក្រោយតូបលក់មាសលួច​យក​គ្រឿង​អលង្ការ​ និងលុយបានសម្រេច ​ខណៈ​ម្ចាស់កំពុង​ដេកលង់លក់​ ហើយព្យាយាម​រត់គេចខ្លួន​ជិត៦ម៉ោង​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ​២០២៣។ 

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២​ ខែសីហា​នេះថា៖​ មានករណីលួចមានស្ថានទម្ងន់ទោស (យកប្រាក់ និងគ្រឿងអលង្ការ) មួយកើតឡើង​ កាលពីរសៀលថ្ងៃទី០១ ខែសីហាម្សិលមិញនេះ​ ស្ថិតនៅចំណុចផ្សារបូរីសុភមង្គលជាយដែនថ្មី ក្នុងក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សម្ភារៈបាត់បង់រួមមាន ៖ ប្រាក់ចំនួន ១.០០០.០០០រៀលជាង, ខ្សែកផ្លាកទីនចំនួន ០១ខ្សែ មានតម្លៃ ៤.០០០.០០០រៀលជាង និងក្រវិលមាសចំនួន ០១គូរ មានតម្លៃ ១០.០០០បាតជាង ខណៈពេលដែលជនរងគ្រោះដេកលង់លក់នៅក្នុងរោងលក់ដូរចំណុចខាងលើ។  

ចំណែក​ជនសង្ស័យម្នាក់ឈ្មោះ ផុន ភូ ហៅ ត្រង៉ោល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភព​ដដែល​បន្តថា​ ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង២៥នាទី នៅត្រង់ចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផុន ភូ ហៅ ត្រង៉ោល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន ៖ 

-ខ្សែកលោហៈធាតុពណ៌ទង់ដែងចំនួន ០១ខ្សែ មានបណ្តោងលោហៈធាតុរូបនាងរំសាយសក់ពណ៌ទង់ដែង និងមានដាំត្បូងពណ៌សពទ្ធ័ជុំវិញចំនួន ០១

-ទូរស័ព្ទដៃម៉ាក IPhone 7plus  ពណ៌ខ្មៅ ចំនួន ០១គ្រឿង

-ប្រាក់បាតចំនួន ៤.៣០០បាត

-ផ្លែឡាមពណ៌ខ្មៅចំនួន ០១ 

-ទូរសព្ទ័ដៃផ្ទាល់ខ្លួនម៉ាក OPPO ពណ៌ទឹកប៊ិច ចំនួន ០១គ្រឿង ។ 

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ផុន ភូ ហៅ ត្រង៉ោល បានឆ្លើយសារភាពថា រូបគេនឹងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ មានអាយុប្រហែល ២៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពិតជាបានធ្វើសកម្មភាពយកផ្លែឡាមពណ៌ខ្មៅ អារខ្សែចងទ្វាររោងខាងក្រោយ ហើយចូលទៅក្នុងរោងលួចយកប្រាក់ ខ្សែរកផ្លាកទីន ក្រវិលមាស របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖