ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរបាំងថ្មបានវៀចអស់មួយកង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្បែរស្តុបចំការមន តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅពេលកេីតហេតុនោះ គេឃេីញរថយន្តម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-3669 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ រីឯរបាំងថ្មបានវៀចអស់មួយកង់ផងដែរ សំណាងល្អក្នុងហេតុការណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ គេសង្កេតឃេីញមានបុរសម្នាក់បេីកទ្វារចេញពីរថយន្តបង្ក រួចព្យាយាមគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ