ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យផ្ញើសារលិខិតប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ សម្ដេចព្រះមហាក្សត្រីបានប្រសិទ្ធពរជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងសារលិខតដដែល សម្ដេចព្រះមហាក្សត្រីក៏បានកោតសរសើរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ថាជាប្រមុខដឹកនាំដ៏ឆ្នើម មានភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុត ដោយបានដឹកនាំឱ្យប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំងកសាងសមិទ្ធផលជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិកម្ពុជាលើឆាកជាតិ និងអន្តរជាតិ៕
ដោយ ៖ សហការី