ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្ដេចព្រះមហាក្សត្រី ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! 

សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលព្រះរាជទានព្រះរាជសារ ដ៏ខ្ពង់ខ្ពស់បំផុតអំពី សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣. និងផ្កាដ៏ស្រស់ល្អមួយផើង ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានព្រះពរជ័យ ក្នុងឱកាសនៃខួបកំណើតរបស់ទូលព្រះបង្គំជាខ្ញុំ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ៕

ដោយ ៖ សហការី


ចែករំលែក៖