ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីគេចខ្លួនបានមួយរយៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងនាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះថា ជនសង្ស័យ៤នាក់ក្នុងចំណោមបក្សពួក៥នាក់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ប្លន់)កាលពីវេលាម៉ោង ១៤និង១៥នាទី កាលពីដើមខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចតូបលក់ដូរតាមមាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចនគរបាលអធិការដ្ឋានក្រុងពោធិ៍សាត់ បើកការស៊ើបអង្កេតនិងស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។

    ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ដោយមានកិច្ចសហការរវាងកម្លាំងអន្តរាគមន៍អធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៤នាក់និងម៉ូតូចំនួន០១គ្រឿង។

    ប្រភពបានបញ្ជាក់ទៀតថា ក្រោយកំណត់មុខសញ្ញា និងទីតាំងច្បាស់លាស់ សមត្ថកិច្ចយើងបានចុះក្របួចជនសង្ស័យទាំង៤នាក់ ដែលទី១-ឈ្មោះ ខា ខាវ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ សួន សាញ់សារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះ សួន សាញ់សេរី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះ បឿន វិរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ មានទីលំនៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ចំណែកជនសង្ស័យម្នាក់ទៀត(គេចខ្លួន)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចចាត់ការតាមនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖