ភ្នំពេញ៖ មានការចាប់អារម្មណ៍អមដោយការថ្លែងក្តីអាណិតទៅកាន់តារាសម្តែង ទេព កញ្ញា ដែលស្វាមីនាងបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅដោយសារជំងឺប្រចាំកាយ។ ក្តីសង្ឃឹមថានឹងនៅជួបជុំគ្រួសារតូចមួយជាមួយស្វាមីនៅសហរដ្ឋអាមេរិកបានរលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក ក្រោយសា្វមីជាទីស្រលាញ់បានទទួលមរណភាពបាត់ទៅហើយ បន្សល់ទុកត្រឹមអនុស្សាវរីយ៍ល្អនិងកូនស្រីម្នាក់។
គេចាំបានថា តារាសម្តែង ទេព កញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនខ្មែររស់នៅអាមេរិក លោក កឹម សុវណ្ណអាឡិច ជាមន្ត្រីមួយរូបនៅអាមេរិក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រោយស្វែងយល់ចិត្តគ្នាអស់ប្រមាណជា ២ឆ្នាំ។ ពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ រៀបចំមិនធំដុំឡើយ ពោលគឺគេឃើញមានតែវត្តមានចាស់ទុំ សាច់ញាតិទាំងសងខាង និងមិត្តក្នុងសិល្បៈតិចតួចតែប៉ុណ្ណោះ។ ចំណងស្នេហារបស់អ្នកទាំងពីរបន្សល់ទុកដំណក់ឈាមកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះថា Alrisaa Kem។ កន្លងមក តារាស្រីរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា ក្រោយភ្ជាប់ពាក្យ នាងនិងគូដណ្តឹងបានរៀបចំឯកសារនានាដើម្បីចេញទៅរស់នៅអាមេរិកតែម្តង តែអកុសលមិនទាន់បានចេញទៅរួមរស់ជាមួយគ្នានៅសហរដ្ឋអាមេរិកផង ស្វាមីនាងស្រាប់តែទទួលមរណភាពជាមុនបាត់ទៅហើយ។ ដំណឹងនេះបានធ្វើឱ្យអ្នកសិល្បៈជាច្រើនផ្ញើសាររំលែកទុក្ខដ្បិតតែជាការបែកគ្នាគ្មានថ្ងៃត្រឡប់ និងយល់ច្បាស់ថានាងពិតជាសោកសៅសោកស្តាយនឹងការបាត់បង់ស្វាមីជាទីស្រលាញ់ ខណៈដែលកូនស្រីត្រូវកំព្រាឪពុកទាំងមិនទាន់ដឹងក្តីនោះ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាខ្លោចចិត្តអាណិតនាងគឺបានត្រឹមតែពកូនស្រីរៀបចំពិធីបុណ្យសពនិងបុណ្យ៧ថ្ងៃពីចម្ងាយ ដើម្បីឧទ្ទិសកុសលជូនស្វាមីដែលបានទទួលមរណភាពនៅសហរដ្ឋអាមេរិកនោះ។ នាងបានបញ្ចេញសារដ៏ក្រៀមក្រំមុននេះថា «បងអើយបង ហេតុអីទៅចោលអូននិងកូនមិនប្រាប់មួយមា៉ត់បែបនេះ ??? បងជាប្តីល្អ ជាប៉ាល្អណាស់ អូនពិតជាទទួលយកមិនបានទេ យើងនៅមានរឿងជាច្រើនត្រូវធ្វើជាមួយគ្នាបង នៅតែប៉ុន្មានខែទៀតកូនយើងបានមួយខួបហើយបង យើងជិតបានទៅរស់នៅជុំគ្នាហើយ បងស្រលាញ់ប្រពន្ធ កូនណាស់ ហេតុអីក៏បងទុកអូននិងកូនចោលបែបនេះបង ?? អូននិងកូនសូមចងចាំទង្វើល្អរបស់បងទុកក្នុងចិត្តជារៀងរហូត សូមអោយបងបានទៅដល់ឋានសួគ៌ស្ងប់សុខផង បើមានជាតិក្រោយពិតយើងជួបគ្នាទៀតណាបងណា»។ រឹតតែក្រៀមក្រំខ្លាំងជាងនេះទៀត ទេព កញ្ញា បានដង្ហោយរកស្វាមីដែលធ្លាប់តែខលមកប្រពន្ធកូនជាប្រចាំ ប៉ុន្តែពេលនេះស្រាប់តែលែងបានឃើញគ្នាជារៀងរហូតទៅ។ មុននេះនាងបានប្រកាសលើបណ្តាញសង្គមក្នុងការរៀបចំពិធីបុណ្យគ្រប់៧ថ្ងៃជូនទៅកាន់ស្វាមី ដែលកម្មវិធីបុណ្យធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣នេះ នៅបុរីហុងឡាយ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងពោលថា ថ្ងៃនេះអូននិងកូនបានរៀបចំពិធីបុណ្យគម្រប់៧ថ្ងៃជូនបង អូនសូមឧទ្ទិសបុណ្យកុសលដែលអូនបានធ្វើទាំងប៉ុន្មានសូមឱ្យបានដល់បងផង សូមឱ្យដួងវិញ្ញាណក្ខន្ធបងបានទៅកាន់ឋានសួគ៌ស្ងប់សុខផង ។ សូមបងប្អូនញាតិមិត្តទាំងអស់កុំភ្លេចមកចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃស្វាមីនាងខ្ញុំឱ្យបានគ្រប់គ្នាដោយក្តីអនុគ្រោះពីចម្ងាយផង ៕
ដោយ ៖ វឌ្ឍនា