ខេត្តប៉ៃលិន៖ លោកអភិបាលរងខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សានិងដាំដើមឈើឡើងវិញឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់បញ្ហានៃការប្រែប្រួលអាកាសធាតុ និងចូលរួមថែរក្សាធនធានធម្មជាតិដែលមានស្រាប់ឱ្យបានគង់វង្សយូរអង្វែងតកូនចៅជំនាន់ក្រោយ។ ព្រោះព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថាន ធម្មជាតិ ធ្វើឱ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាព ប្រភពទឹកការពារជម្រាល និង ការពារជីវៈចម្រុះ។
លោកបន្តថា ថ្ងៃទី៩ ខែកក្កដា ត្រូវបានបង្កើតឡើងជាទិវាពលកម្មដាំដើមដើមឈើហៅថា “រុក្ខទិវា” គឺសំដៅបំផុសស្មារតីឱ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតីថែរក្សាការពារព្រៃឈើដែលមានស្រាប់និងចូលរួមដាំបន្ថែមឡើងវិញ។ការថ្លែងបែបនេះរបស់លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រារព្ធបុណ្យ “រុក្ខទិវា ” ៩កក្កដាឆ្នាំ២០២៣ ក្នុងបរិវេណ វត្តគិរីសាលវ័ន្ត ហៅវត្តក្រចាប់ ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការចូលរួមពីអស់លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត រួមទាំងសិស្សានុសិស្សប្រមាណជាង៥០០នាក់។
នៅក្នុងឱកាសនោះលោកបានលើកឡើងថា÷ ពិធីបុណ្យ “រុក្ខទិវា” ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើងរាល់ឆ្នាំ តាំងពីសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជារៀងរហូតមក ហើយតាមរយៈពិធីបុណ្យរុក្ខទិវា ដែលបានប្រារព្ធធ្វើឡើង ប្រជាជាតិកម្ពុជាបានយល់ច្បាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការលើកកម្ពស់ការដាំដើមឈើ និងការថែរក្សានិរន្តរភាពព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះទៀតដែរ លោកបានមានប្រសាសន៍ថា÷ ដើម្បីរក្សាបាននូវនិរន្តរភាពនៃព្រៃឈើនិងធនធានធម្មជាតិដែលមានស្រាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមឱ្យបានច្រើនកុះករ ក្នុងការថែរក្សាធនធានធម្មជាតិនិងដាំបន្ថែមក្នុងម្នាក់យ៉ាងតិចឲ្យបានមួយដើម ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗ។
លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា នៅក្នុងពិធីបុណ្យរុក្ខទិវានេះលោកបានដឹកនាំមន្ត្រីមន្ទីរកសិកម្ម ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើ បាននាំយកកូនឈើចម្រុះប្រមាណជាង ១.៥០០ ដើមដើម្បីចែកជូនតាមមន្ទីរអង្គភាព ព្រះសង្ឃ លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ និងពលរដ្ឋដាំនៅក្នុងបរិវេណវត្តគិរីសាលវ័ន្ត ហៅវត្តក្រចាប់ និងដាំតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន៕
ដោយ៖ ស សារ៉េត