ព័ត៌មានទាន់ហេតុការណ៍៖

សារធាតុគីមីរោងចក្រចិនហូរចូលក្នុងស្ទឹងពុលត្រីជាច្រើនបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង នាផ្នែកខាងក្រោមទំនប់ស្តុកទឹកពហុបំណងសេកសកបាត់ដំបងបានលើកឡើងថា÷ ទឹកពណ៌ខ្មៅមានលាយសារធាតុគីមី ដោយបណ្តាលឲ្យងាប់អស់ត្រីទាំងតូចទាំងធំជាច្រើននេះត្រូវបានពួកគាត់ប្រទះឃើញនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅម្តុំស្ទឹងថ្វាក ក្នុងឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តទៀតថា÷ រយៈពេលចុងក្រោយនេះទឹកខ្មៅសារធាតុពុលរបស់រោងចក្រចិនបានហូរចូលក្នុងស្ទឹងជាបន្តបន្ទាប់ដោយសារតែការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងរោងចក្រមួយនេះ។

ជាមួយគ្នាមហាជនពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងក៏បានសម្តែងការព្រួយបារម្ភជាខ្លាំងផងដែរចំពោះការប្រើប្រាស់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ដែលទាញយកទឹកពីក្នុងស្ទឹងសង្កែ ដែលមានប្រភពមកពីទំនប់ស្តុកទឹកពហុបំណងសេកសកផងដែរ។

បញ្ហាខាងលើនេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបានបំភ្លឺនៅថ្ងៃទី០៣ ខែសីហានេះថា÷ ចាំបន្តិចលោកកំពុងរវល់ទើបប្រជុំចប់ក្នុងហេតុការណ៍ហ្នឹង។

ចំណែកលោក គុយ វណ្ណូ អភិបាលស្រុករតន:មណ្ឌលបានឲ្យដឹងថា÷ ពិតជាមានករណីទឹកខ្មៅចូលក្នុងស្ទឹងពិតប្រាកដមែនវាបានហូរចេញនៅយប់ថ្ងៃទី០២ ខែសីហា តាមទឹកជន់ត្រឹមរយ:ពេលមួយម៉ោងទេ វាក៏មិនសូវធ្ងន់ធ្ងរដែរ ហើយបានបណ្តាលឲ្យត្រីងាប់តិចតួចប៉ុណ្ណោះ។

បញ្ហានេះដែរលោករួមជាមួយអភិបាលរងខេត្ត លោក សឿម ប៊ុនរឹទ្ធ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បានជួបប្រជុំទើបបញ្ចប់មុននេះបន្តិចដែរ ដោយតម្រូវឲ្យភាគីក្រុមហ៊ុនរោងចក្រធ្វើកិច្ចសន្យា និងកែតម្រូវប្រព័ន្ធស្តុកទឹកកខ្វក់កាកសំណល់ផលិតកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេសជៀសវាងប៉ះពាល់បរិស្ថានដល់ទឹកស្ទឹង មនុស្ស សត្វនានានៅផ្នែកខាងក្រោមអាង៕

ដោយ៖ ស សារ៉េត


ចែករំលែក៖