ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី​ឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវទាំងព្រឹកផ្អើលសមត្ថកិច្ច​ជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីឆ្លងចរន្តអគ្គិសនី​បណ្ដាល​ឱ្យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងព្រឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ បានកើតឡើងនៅវេលាម៉ោង​ ០៦​និង៣០​នាទីព្រឹកថ្ងៃសុក្រ ៣រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣​ នៅផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។

ម្ចាស់ទីតាំង​ឈ្មោះ សារី វណ្ណា ភេទប្រុស អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មេធាវី ។​ មូលហេតុ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។ 

– ប្រភេទសំណង់៖​ ថ្មបេតុង ទំហំ ០៥ម៉ែត្រ គុណ ២០ម៉ែត្រ។

-​ ខូចខាតសម្ភារឆេះបន្ទប់ជាន់ឡៅតឿចំនួន០១បន្ទប់ រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។​ ក្នុងករណីនេះដែរ​មិនបណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ និងរបួស​មនុស្ស​នោះទេ។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះកងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យ​ចំនួន០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៥​ រថយន្ត​ ស្មើនឹង២០​ម៉ែត្រគូប ។​ រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវចំនួន០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង០៤​ម៉ែត្រគូប ។​ ករណីនេះពន្លត់ទៅវិញនៅវេលាម៉ោង០៧:២០​នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕

ដោយ​៖សហការី​


ចែករំលែក៖