ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅចុះត្រួតពិនិត្យ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង​ ស្ថិត​នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង​ បន្ទាប់ពី​មានពាក្យ​បណ្ដឹងរបស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះថាបង្កសំឡេងរំខានដល់ពួកគាត់ប្រចាំថ្ងៃ ពេលនេះ​ត្រូវ​បានអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះពិនិត្យហើយ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។ 

អាជ្ញាធរខណ្ឌច្បារអំពៅ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ​ខាងលេីនេះ​ ជាលទ្ធផលក្រុមការងារចម្រុះ ពិនិត្យឃើញថា មានការចិញ្ចឹមមាន់ជាលក្ខណៈកសិដ្ឋាន ប៉ុន្ដែម្ចាស់កសិដ្ឋាន ដែលជួលដីបន្ដមិននៅ ដូចនេះក្រុមការងារចម្រុះសម្រេចដាក់កម្មវិធីប្រជុំត្រួតពិនិត្យ ពាក់ព័ន្ធទីតាំងកសិដ្ឋាននេះ នៅសប្ដាហ៍ក្រោយ។

គួររម្លឹកថា តំណាងប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌច្បារអំពៅ ដើម្បីសុំអន្តរាគមន៍ករណី ដែលកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលមាន់ជល់រាប់រយក្បាល បង្កសំឡេងរំខាន ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ជាក់ស្ដែង​នៅក្នុង​លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង បានបង្កសំឡេងរំខានយ៉ាងខ្លាំង ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសម្រាក ការរស់នៅ និងការរៀនសូត្រ ដោយសារហ្វូងមាន់ជល់រាប់រយក្បាលរងាវលាន់ឮទ្រហឹងទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានមន្ត្រីមូលដ្ឋាន ធ្លាប់បានចុះណែនាំជាច្រើនលើក ប៉ុន្តែម្ចាស់កសិកដ្ឋានមិនព្រមស្តាប់ឡើយ។ ដូច្នេះប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរចាត់វិធានការលើករណីនេះផង ព្រោះវាបង្កផលប៉ះពាល់ដល់មនុស្សរស់នៅជុំវិញ ពិសេសមនុស្សចាស់មានជំងឺប្រចាំកាយ និងក្មេង ដែលត្រូវការសម្រាក និងសិក្សារៀនសូត្រ។

ជាមួយគ្នានោះ​ ប្រជាពលរដ្ឋនៅតែសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ មេត្តាពិនិត្យបិទកសិដ្ឋានចិញ្ចឹមមាន់នេះ ដោយឱ្យរកកន្លែងទីតាំងដែលនៅឆ្ងាយពីភូមិដ្ឋានប្រជាពលរដ្ឋ ព្រោះមិនត្រឹមបង្កសំឡេងរំខានទេ ថែមអាចបង្កក្លិនស្អុយ ប៉ះពាល់ដល់សុខភាពថែមទៀតផង៕

ដោយ​៖សហការី​


ចែករំលែក៖