ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្រេច​បិទមជ្ឈមណ្ឌល​ថែរក្សា​សម្ពស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី ( S88 Beauty) និង​សាខា​ទាំងអស់ បន្ទាប់ពី​ប្រពន្ធ​តារា​កំប្លែង​នាយ​ពាក់​មី ចូល​សង្គ្រោះ​បន្ទាន់

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់ពី​តារា​កំប្លែង​នាយ​ពាក់​មី​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​រឿងប្រពន្ធ​របស់ខ្លួន​ បាន​កែសម្ពស្ស​ហើយ​ក៏​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ការ​ខ្វះ​បច្ចេកទេស ទើប​ធ្វើ​ឱ្យមាន​អាកា​រៈ​ក្អួត និង​រាក​ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនចូល​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យកាល់ម៉ែត​ រហូត​ផ្ទុះការភ្ញាក់ផ្អេីលពេញ​បណ្ដាញ​សង្គមពាក់ព័ន្ធនឹងមជ្ឈមណ្ឌល​កែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​»( S88 Beauty)​ ពេលនេះ​​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​បិទ និង​ដកហូត​សេចក្តីសម្រេច​ឱ្យ​បើក មជ្ឈមណ្ឌល​ថែរក្សា​សម្ពស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី (S88 Beauty) និង​សាខា​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣​នេះ​តទៅ ។

ជាក់ស្ដែង​យោង​តាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាលកម្ពុជា បាន​សម្រេច​បិទ និង​ដកហូត​សេចក្ដីសម្រេច​ឱ្យ​បើក​ដំណើរការ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី (S88 BEAUTY) ដែល​មាន​ទីតាំង​ផ្ទះ​លេខ​A៣៧ ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ ដែល​មាន​ជា​ធរមាន ដោយ​មូលហេតុ​ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​នេះ បាន​បើក​សាខា​ជា​ច្រើន​កន្លែង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​ក្នុង​ចំណោម​នោះ មាន​ទីតាំង​មួយ​កន្លែង​ស្ថិត​នៅផ្ទះ​លេខ​១១០ ផ្លូវ​លេខ​៥៣ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្តល់​សេវាកម្ម​ដាក់​សេរ៉ូម​ឱ្យ​សាច់​ស បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជន​រង​គ្រោះ ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

ក្រសួងសុខាភិបាល បញ្ជាក់​ថា ត្រូវ​បាន​ទុកជា​មោឃៈ នូវ​សេចក្តីសម្រេច​លេខ​៦៨៦៩ អបស​/​ឱ​អបស ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​ក្រសួងសុខាភិបាល ។

អាស្រ័យ​ដូច្នេះ អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង និង​លោក ទេព ពិសិដ្ឋ ម្ចាស់​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស អេស​ប៉ែតសិប​ប្រាំបី ប៊ី​យូ​ធី ត្រូវ​អនុវត្ត​សេចក្ដីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

គួរ​ជម្រាប​ដែរ​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ជា សុធី​ម អាយុ​៤០​ឆ្នាំ គឺជា​ភរិយា​របស់​តារា​កំប្លែង នាយ ពាក់​មី ស្នាក់​នៅផ្ទះ​លេខ​14Eo ផ្លូវជាតិ​៥ ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦ ស្ថិត​ក្នុង​មូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ដោយមុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ទទួល​សេវាកម្ម​នៅ​មជ្ឈមណ្ឌល​កែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣​។ បន្ទាប់​ពី​ទទួល​សេវាកម្ម​រួចរាល់ ស្ត្រី​រង​គ្រោះ (​ប្រពន្ធ​ពាក់​មី​) បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន បណ្តាល​ឱ្យ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​មន្ទីរពេទ្យ និង​ធ្វើការ​សាកសួរ​ពី​ស្ថានភាព​អាកា​រៈ​របស់​ស្ត្រី​រង​គ្រោះ ព្រមទាំង​បាន​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​មជ្ឈមណ្ឌល​កែសម្ពស្ស​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​។ ប៉ុន្តែ​ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ហាក់បីដូចជា​បានដឹង​ដំណឹង​នេះ​មុន ក៏​បិទទ្វារ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​របស់​ខ្លួន ថែម​ទាំង​បិទ​ទាំង​ទូរ​ស័ព្ទ​ទាក់ទង​មិន​ចូល រួច​រត់គេច​ខ្លួន​បាត់ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​រង ទី មុនិ​ន្ន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មាធិការ​ចូលរួម រួម​មាន ៖ អភិបាលរង​ខណ្ឌ​អធិការរង អនុ​ការិយាល័យ​និយតកម្ម​សុខាភិបាល ប្រធាន​នីតិកម្ម​ខណ្ឌ ព្រមទាំង​លោក​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ ជា​លទ្ធផល​បាន​រក​ឃើញ​ថា មជ្ឈមណ្ឌល​ខាងលើ​នេះ ពុំ​មានច្បាប់​អនុញ្ញាតពី​ក្រសួងសុខាភិបាល​នោះ​ទេ​។

ក្រោយ​ពី​ធ្វើការ​ការ​ត្រួតពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​យក​ទៅ​ពិសោធន៍​នៅ​ក្រសួងសុខាភិបាល​។ ហើយ​ចំពោះ​ទីតាំង​ខាងលើ​នេះ​ដែរ ត្រូវ​បាន​គណៈកម្មាធិការ​ធ្វើ​កំណត់ហេតុ សម្រេច​បិទ និង​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។ រីឯ​ម្ចាស់​ទីតាំង​ខាងលើ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ ដើម្បី​ស្វែងរក​ខ្លួន​អោយ​ចូល​មក​បំភ្លឺ​ក្នុង​ករណី​នេះ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។​ បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាយ​ពាក់​មី បាន​បញ្ជាក់ចុងក្រោយ​ថា៖ «​ប្រពន្ធ​ខ្ញុំ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU ២​ថ្ងៃ​ហើយ បន្ទាប់​ពី​គាត់​បាន​ព្យួរសេរ៉ូម​ឱ្យ​សាច់​ស នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស S88 Beauty នៅ​ថ្ងៃ​ពុធទី​២ វេលា​ម៉ោង​១​រសៀល។ តើម្ចាស់ S88 Beauty ទាំង​១៣​សាខា ជានរណា ? គឺរបស់​លោក ទេព ពិសិដ្ឋ»៕

ដោយ​៖ សហការី​


ចែករំលែក៖