ព័ត៌មានទាន់ហេតុការណ៍៖

លោក Imran Khan ត្រូវបានចាប់ខ្លួនជាថ្មី ក្រោយតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ប៉ូលិសប៉ាគីស្ថាននាថ្ងៃសៅរ៍នេះបានចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) នៅទីក្រុងឡាហ័រ (Lahore) ភាគខាងកើតប្រទេស បន្ទាប់ពីតុលាការបានសម្រេចផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទលក់វត្ថុអនុស្សាវរីយ៍របស់រដ្ឋដោយខុសច្បាប់។
មេធាវីរបស់លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប៉ូលិសបានធ្វើការចាប់ខ្លួនលោក Imran Khan នៅឯគេហដ្ឋានរបស់លោកផ្ទាល់ ហើយខាងមេធាវីកំពុងត្រៀមដាក់ពាក្យបណ្តឹងតវ៉ា ប្រឆាំងការសម្រេចចាប់ខ្លួននិងដាក់ពន្ធនាគាររូបលោកនេះទៅកាន់តុលាការជាន់ខ្ពស់។ រីឯគណបក្សនយោបាយរបស់លោកគឺ PTI ក៏បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ផងដែរថា ពួកគេបានបញ្ជូនបណ្តឹងឧទ្ធរណ៍មួយរួចហើយ ទៅកាន់តុលាការកំពូល។
ដោយឡែក ការចាប់និងឃុំខ្លួនលោក Khan អស់រយៈពេលប៉ុន្មានថ្ងៃ កាលពីខែឧសភា ឆ្នាំនេះ ជុំវិញសំណុំរឿងក្តីក្តាំមួយផ្សេងទៀត បានបង្កឱ្យមានអំពើហិង្សាដ៏តានតឹងផ្ទុះឡើង រវាងក្រុមអ្នកគាំទ្រលោក ហើយនឹងកងកម្លាំងប៉ូលិស។ ភាពវឹកវរនាពេលនោះបានរសាយបាត់ទៅវិញ ក្រោយរូបលោកត្រូវបានដោះលែង។
ការចាប់ខ្លួននិងផ្តន្ទាទោសដាក់ពន្ធនាគារនាថ្ងៃសៅរ៍នេះ គឺពាក់ព័ន្ធទៅនឹងការស៉ើបអង្កេតមួយ ធ្វើឡើងដោយគណៈកម្មាធិការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន ដែលបានរកឃើញថា លោក Khan មានទោសពីបទលក់វត្ថុអនុស្សាវរីយ៍ដែលជាកម្មសិទ្ធិរបស់រដ្ឋដោយខុសច្បាប់ ដែលគិតជាទឹកប្រាក់សរុបខ្ទង់៦៣៥,០០០ដុល្លារ អំឡុងពេលលោកនៅកាន់តំណែង ជានាយករដ្ឋមន្រ្តីកាលពីចន្លោះឆ្នាំ២០១៨-ឆ្នាំ២០២២៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖