ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខកម្មករ កម្មការិនី ចំនួន ៥១ នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី ចំនួន ៥១ នាក់ ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ។

លោកហ៊ុន ម៉ានី សម្តែងការ សោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងបានបង្កឲ្យរបួសធ្ងន់,ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន៥១ នាក់។ លោកសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។

ជាមួយគ្នានេះលោកហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់ គ្នា។ សូមបងប្អូនទាំងអស់ ជាពិសេសអ្នកបើកបរមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នករួមដំណើរ។ 

លោកហ៊ុន ម៉ានី បានថ្លែងថា យើងពិតជាមិនចង់ឃើញគ្រោះអកុសលណាមួយកើតឡើងទេ តែគ្រប់ពេលដែលបងប្អូនជួបប្រទះបញ្ហា ក្រុមការងារទាំងអស់តែងតែខ្នះ ខ្នែងដើម្បីជួយដល់បងប្អូនគ្រប់ពេលវេលា។ នេះហើយ ជាបេះដូងរបស់អ្នកបម្រើប្រជាជន!។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ មានរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ដឹកកម្មករ កម្មការិនី សរុប៧៦ នាក់ ដោយបើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែ បណ្តាលឲ្យអ្នកជិះលើរថយន្ដរងរបួសធ្ងន់ស្រាល នឹងមិនមានករណីបាត់បង់អាយុជីវិតនោះទេ។ 

កម្មករ ទាំងអស់ធ្វើការងារនៅរោងចក្រសហគ្រាស នៅស្រុកអង្គស្នួល។ ពេលនេះ កម្មករ ដែលរងរបួលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

កម្មករ កម្មការិនី សម្រាកព្យាបាលនៅមន្ទីរពេទ្យមាន :

១.មន្ទីរពេទ្យបង្អែកខេត្តមាន ៣២នាក់ ប្រុស ១០នាក់ (របួសធ្ងន់ ៥នាក់ ប្រុស ២នាក់)

២.មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ណា ២នាក់ ប្រុស ១នាក់ (ស្រាល)

៣.មន្ទីសម្រាកព្យាបាល ក្រាំងចេក ២៤ម៉ោង មាន ៦នាក់ ប្រុស ០១នាក់ (ស្រាល)

៤.មន្ទីសម្រាកព្យាបាល អ៊ុច សិដ្ឋបូ ៤នាក់ ប្រុស ០៣នាក់ (ស្រាល)

៥.មន្ទីរសម្រាកព្យាបាល សន្តិភាព ៤៤ ២នាក់ ប្រុស ០១នាក់ (ស្រាល)

៦.មន្ទីរពេទ្យ ព្រះកុសមៈ ៣នាក់ ប្រុស ០០ នាក់  របួសធ្ងន់ (មានផ្ទៃពោះ ២នាក់)

សរុបកម្មកររងរបួសមាន ៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ០៨នាក់ ប្រុស ០២នាក់។

កម្មករ កម្មការិនី រងរបួសទទួលបានការយកចិត្តទុក ដាក់ពីក្រុមគ្រូពេទ្យ នឹងទទួលបានការសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។

សូមបញ្ជាក់ផងដែរថា ចំពោះកម្មករ-កម្មការនីដែលរងរបួសធ្ងន់ក្នុង ១នាក់ទទួលបាន,ឃីត១កញ្ចប់(សារុង ក្រមា,មុ, ភួយ)និងថវិកា១០ម៉ឺនរៀល។កម្មករ-កម្មការនីដែលរងរបួសធ្ងន់ក្នុង ១នាក់ទទួលបានឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា ៥ម៉ឺនរៀល៕

ដោយ៖ សូរិយា


ចែករំលែក៖