ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រើថ្នាំញៀនលើសកម្រិតជនសង្ស័យម្នាក់កាន់កណ្ដៀវនិងស្នគំរាមព្រះសង្ឃនៅក្នុងវត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតបានកាន់ស្ននិងកណ្ដៀវខ្វាងជិះកង់ចូលទៅក្នុងវត្ត រួចគំរាមកំហែងព្រះសង្ឃ ជាហេតុធ្វើឱ្យព្រះសង្ឃមានការភិតភ័យក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ 

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនសង្ស័យឈ្មោះ ទិន ជឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ 

វត្ថុតាងចាប់យករួមមាន៖ ស្នចំនួន០១ដើមមានផ្លែចំនួន៥ និងកណ្ដៀវខ្វាងចំនួន០១ដេីម។ 

ប្រភពដដែលបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ។ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅទៅកាប់បង្គោលដែកសម្រាប់ដាក់អំពូលសូឡាបំភ្លឺផ្លូវបេតុងនៅភូមិព្រែកកែវ ឃុំកោះខែលបណ្ដាលឱ្យខូចខាតអស់ចំនួន០១បង្គោល។ លុះនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង០៧និង៣០នាទីជនសង្ស័យបានជិះកង់ដោយកាន់ស្ននិងកណ្តៀវខ្វាងទៅជាមួយផង រួចជិះចូលទៅក្នុងវត្តកោះខែលហើយបានស្រែកឡូឡានិងគំរាមកំហែងរកចាក់សម្លាប់ព្រះសង្ឃនៅក្នុងវត្តចោល។ ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍កោះខែលសហការជាមួយប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖