ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកចំពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗមួយរំពេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះជា សុខលេង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ។ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1AO-5748 ជិះដោយបុរសរងគ្រោះធ្វើដំណើរពីក្រោយស្របទិសគ្នាយ៉ាងលឿនក៏បានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យជនរងគ្រោះម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមមួយរំពេច ។ ដោយឡែករថយន្តដែលត្រូវជនរងគ្រោះបុកពីក្រោយឃេីញស្ថានភាពមិនស្រួល ក៏បានបន្តដំណើរបើកទៅមុខបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយខាងជំនាញចរាចរណ៍ចុះមកដល់ និងធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្ដោះអាសន្ន ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ