ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញ​សេចក្តីបំភ្លឺព័ត៌មានជុំវិញករណីបុរសម្នាក់​ ស្លៀកពាក់ជាប្រជាការពារហេីយ​មានរូបភាពកាំភ្លេីងខ្លី​ នៅត្រង់ចង្កេះ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ ​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នៅថ្ងៃទី៩ខែ​សី​ហា ឆ្នាំ២០២៣នេះ​ ក្រុមការងារបានឃេីញ​ អ្នកប្រេីប្រាស់បណ្តាញសង្គម​ បង្ហោះនូវរូប​ភាពបុរសម្នាក់ដែលមានការ​ស្លៀកពាក់ជាប្រជាការពារហេីយ​មានរូបភាពកាំភ្លេីងខ្លី​ នៅត្រង់ចង្កេះផងឈរនៅចំណុចមុខវេទិការអុំទូកស្ថិតនៅសង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង។ 

ក្រៅពីការបង្ហោះរូបភាពអ្នកប្រេីប្រាស់បណ្តាញសង្គមផ្តេីមចោទជាសំណួរថា​ តេីប្រជាការពារនៅសង្កាត់ចំការសំរោង​ មានសិទ្ធិប្រេីអាវុធខ្លី​ សម្រា​ប់ចុះល្បាតដែរឬទេ….?​ ហេីយទិដ្ឋភាពនេះត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមផ្សេងទៀតក៏បន្តការ​ចែកចាយជាបន្តបន្ទាប់។ 

ឃេីញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានបញ្ជាទៅលោកអ​ធិ​ការន​គរបាលក្រុងបាត់ដំបងនិងក្រុមការងារផងធ្វេីការ​ស្រា​វ​ជ្រាវនិងបំភ្លឺចំពោះបញ្ហានេះ។ 

នៅរសៀល​ថ្ងៃ​នេះ​ លោកអធិការនគរ​បាល​ក្រុងបាត់ដំបង​ ​បានកោះហៅ​សាមីខ្លួនឈ្មោះមីន​ សុជា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​រស់នៅភូមិចំការសំ​រោង២សង្កាត់ចំការ​សំរោង​ ក្រុងបាត់​ដំបង​ ជាប្រជាការពារសង្កាត់មកធ្វេីការសាកសួរ​ នៅអធិការដ្ឋានជុំវិញ​បញ្ហានេះ​ ហេីយជាលទ្ធផលសាមីខ្លួនបានឆ្លេីយបញ្ជាក់ថា​ ថ្មីៗនេះពេ​លរូបគាត់​ត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចការពារសន្តិសុខនៅចំ​ណុ​ចវេទិការអុំទូក​ នៅសង្កាត់ស្វាយប៉ោ​ គាត់បានឃេីញក្មេងៗដេីរតាមផ្លូវហេីយមានកាន់​ កាំភ្លេីងជ័រមួយដេីម​ ពេលនោះគាត់សុំមេីលហេី​យ​បានយកមកដាក់ជាប់ចង្កេះខោខាង​ស្តាំរួចឱ្យគេថតឱ្យ​ បន្ទាប់មកក៏​ប្រគល់កាំភ្លេីងជ័រនោះឱ្យទៅក្មេងនោះវិញ​ទៅ​ រួចរូបគាត់បានបង្ហោះរូបភាពនេះ​ទៅក្នុងគ្រុបឆាតដែលជាគ្រុបប្រជាការពារដូច​គ្នា​ លុះបន្ទាប់​មករូបភាពនេះក៏ត្រូវបែកធ្លាយទៅក្នុងបណ្តាញសង្គមយ៉ាងព្រោង​ព្រាតតែម្តង​ រូបគាត់បានទទួលស្គាល់​ កំហុសនេះ​ ព្រោះជាការលេងសេីចប៉ុន្តែបានធ្វេីឱ្យមានការភាន់ច្រឡំ​ ក្នុងបណ្តាញសង្គម​ ។ 

ក្រោយការសាកសួររួចសមត្ថកិច្ចន​គរបាលក្រុងបានធ្វេីការអប់រំណែ​នាំគាត់កុំឱ្យមានសកម្មភាពបែបនេះបន្ត​ទៀត​ នៅថ្ងៃមុខ។ 

សូមបញ្ជាក់ជូនថា​ កងប្រជាការពារមិនត្រូវមានបំពាក់អាវុធឱ្យប្រេីប្រាស់នោះទេ​ នៅពេលបំពេញភារកិច្ចហេីយភារកិច្ចរបស់គាត់គឺរួម​ សហការជាមួយកង​កម្លាំងនគរបាល​ ក្នុងការការពារ​រក្សាសន្តិសុខសណ្តា​ប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងធ្វេីការ​ងារសង្គមផ្សេងៗទៀត​ ។ ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕

ដោយ​៖ សហការី​


ចែករំលែក៖