ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករសប្បាយរីករាយដែលស្រូវមានតម្លៃល្អនៅឆ្នាំនេះឡើងដល់១.៥០០រៀលក្នុង១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកក្នុងវិស័យស្រូវអង្ករ លើកឡើងថា ប្រជាកសិករសប្បាយ រីករាយដែលតម្លៃស្រូវល្អឆ្នាំនេះ ដែលមានតម្លៃហក់ឡើងដល់ ១ ៥០០រៀលក្នុង១គីឡូក្រាម ខណៈកម្ពុជាបាននាំចេញស្រូវក្នុងបរិមាណជាង ២,៤លានតោនក្នុង រយៈពេល៧ខែឆ្នាំ២០២៣នេះ។

ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងកម្ពុជាបានចំនួន ២ ៤៩៨ ៥៨៦តោន ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ដែលគិតជាប្រាក់មានចំនួន ៦៦៣ លានដុល្លារ។ ចំនួននាំចេញនេះ  ៦០% ត្រូវបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រទេសវៀតណាមគឺទីផ្សារនាំចេញស្រូវចម្បងជាងគេរបស់កម្ពុជា។ លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងក្រុម ហ៊ុន Signature of Asia បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ស្រូវមានតម្លៃចន្លោះពី ១ ១០០រៀល ដល់ ១ ៥០០រៀលក្នុង១គីឡូក្រាមនៅក្នុងតំបន់មួយចំនួនក្នុងខេត្តតាកែវ។ កត្តាដែលនាំឱ្យស្រូវកម្ពុជាឡើងថ្លៃនៅពេលនេះ ក៏ដោយសារតែឈ្មួញវៀតណាមសម្រុកទិញស្រូវ ច្រើនពីកម្ពុជា ដែលនាំប្រជាកសិករទទួលបានប្រាក់ចំណេញច្រើននៅឆ្នាំនេះ។ 

ទោះបីយ៉ាងណា លោក ចាន់ ពេជ្រ ព្រួយបារម្ភថា ប្រសិនបើ មានការដណ្តើមទិញស្រូវពីសំណាក់ឈ្មួញវៀតណាម និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកនឹងបន្តជំរុញឱ្យស្រូវកាន់តែហក់ឡើងខ្ពស់ ហើយកត្តានេះនឹងជំរុញឱ្យតម្លៃអង្ករហក់ឡើងផងដែរ។

តម្លៃមធ្យមភាគស្រូវសើម នៅតាមបណ្តាស្រុកក្នុងខេត្តមួយចំនួន គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដែលរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ស្រូវសែនក្រអូបមានតម្លៃចន្លោះពី ១ ២៦០ រៀល ដល់ ១ ៣០០រៀលក្នុង១គីឡូក្រាម។ ស្រូវអូអឹម មានតម្លៃចន្លោះពី១ ២២០រៀល ដល់ ១ ៣០០រៀលក្នុង១គីឡូក្រាម ខណៈ ស្រូវ អ៊ីអ៊ែ មានតម្លៃចន្លោះពី ១ ២១៥ រៀល ដល់ ១ ២៥៥រៀលក្នុងមួយគីឡូក្រាម ហើយស្រូវ ស្រងែ មានតម្លៃចន្លោះពី១ ១៨០រៀល ដល់ ១២០០រៀល ក្នុង១គីឡូក្រាម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃស្រូវឡើងថ្លៃបានធ្វើឱ្យកសិករសប្បាយរីករាយ ប៉ុន្តែប្រសិនបើតម្លៃស្រូវហក់ឡើងខ្ពស់ពេកវានឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព នាំចេញនិងការផ្គត់ផ្គង់អង្ករក្នុងស្រុក ដូច្នេះហើយក្រសួងកំពុងបន្តតាមដានអំពីការប្រែប្រួលតម្លៃស្រូវយ៉ាងយកចិត្តទុកដាក់។ 

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបានចំនួន ១២ លានតោន ពោលគឺលើស ៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញស្រូវអង្ករជាប់លេខរៀងទី៨នៅលើពិភពលោក៕

ដោយ៖ សូរិយា


ចែករំលែក៖