ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម១១នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សាកាប់បំផ្លាញម៉ូតូគេយ៉ាងសន្ធាប់ហើយសំណាងដែរដែលម្ចាស់រត់គេចខ្លួនទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះសុខ សាវ៉ាត់ អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិម្រះព្រៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ចំណែកជនរងគ្រោះមានឈ្មោះឆាយ សម្បត្តិ អាយុ១៧ឆ្នាំ មានទីលំនៅភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល រីឯម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេ៊រីឆ្នាំ2021ពាក់ស្លាកលេខស្វាយរៀង1Q-6532 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានក្រុមក្មេងស្ទាវចំនួន០១ក្រុមមានគ្នាប្រហែល១១នាក់បានជិះម៉ូតូ៦គ្រឿង ហើយបានដេញវាយជនរងគ្រោះដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេ៊រីឆ្នាំ2021ពាក់ស្លាកស្វាយរៀង1Q-6532 បណ្ដាលអោយដួលរួចជនរងគ្រោះបានផ្តួលម៉ូតូចោលរត់គេចខ្លួនភ្លាមៗតែម្ដង។
ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូឆ្ពោះទៅទិសខាងជើងត្រូវបានសមត្ថកិច្ចដេញចាប់និងឃាត់ខ្លួនជនសង្ស័យបានម្នាក់យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកពិតជាបានរួមគ្នាធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូជនរងគ្រោះប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន