ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤សង្កាត់ទាំង១០៥បន្តការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែអរប្រសើរថែមទៀត ពោលគឺឲ្យសមនឹងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

     ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងឱកាសដែលលោកនិងលោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជ ធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហាឆ្នាំ២០២៣នេះនៅសាលារាជធានីភ្នំពេញ។

     លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយនៅទូទាំងខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ឃើញថា មានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ដូច្នេះលោកសូមឲ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែង លើការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ រស់នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវអោយការងាររបស់យើង ក៏ត្រូវតែស៊ីវិល័យ ឲ្យលឿនទាន់ចិត្តទៅតាមនោះដែរ។

   លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ បានបង្ហាញឲ្យថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញរបស់យើង។ ដូច្នេះជាការឆ្លើយតប យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អឲ្យសមទៅនឹងការជឿទុកចិត្តនិងការស្រឡាញ់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

    លោក ឃួង ស្រេង បានបនញ្ជាក់ថា៖ សំរាមនៅតែជាបញ្ហាដែលយើងជាអាជ្ញាធរត្រូវតែបន្តយកចិត្តទុកដាក់ ដោយមិនត្រូវទុក សំរាមអោយនៅតាមដងផ្លូវនោះទេ។ ដូច្នេះលោកជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋគោរពម៉ោងពេល យកសំរាមចេញក្រៅផ្ទះ។ លោកបន្តថា៖ ការផាកពិន័យលើការចោលសំរាមយើងនឹងអនុវត្តនៅពេលឆាប់ៗនេះ តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយអោយពួកគាត់យល់ដឹងពីការទុកដាក់សំរាមជាមុនសិន។

    លោកម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ កោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះ- ឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបាន សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀប រយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង។ 

    លោកបន្តថា លទ្ធផលផ្លែផ្កាលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ គឺពិតជា បាន កើតចេញពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការគ្រប់ លំដាក់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ ។ តាមរយៈសមិទ្ធផលនេះ ពិសេសការរីក ចម្រើនវិស័យសេដ្ឋកិច្ច បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

     លោកបន្តថា ព្រឹត្តិការណ៍ដែលលេចធ្លោនឹងជាសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា គឺជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ទើបកន្លងទៅថ្មីៗនេះ ប្រព្រឹត្តទៅ ប្រកបដោយ សេរីភាព ត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហឹង្សា ណាមួយកើតឡើង ក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនប្រទេស បាន បង្ហាញពិភពលោកឱ្យឃើញពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចូលរួមចំនួន១៨ ព្រមទាំងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងការរួមចំណែករបស់សហគមន៍ អន្តរជាតិ ហើយកាន់តែបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានិយាយរួម និយាយដោយឡែក ប្រជាជននៅរាជធានីភ្នំពេញ ពិតជា ត្រូវការរស់ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធានាបាននូវកំណើនខ្ពស់៕

ដោយ ៖ សំរិត


ចែករំលែក៖