ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, អ្នកឧកញ៉ា ហុី គឹមហុង និងអង្គរក្ស ១៣នាក់ ត្រូវបានតំណាងអយ្យការបានសម្រេចបេីកការស៊េីបសួរលេីករណី ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ និងបទហិង្សាមានស្ថានទម្ងន់ទោសតាមមាត្រ២១៨នៃក្រមព្រហ្មទណ្ឌ ។
លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ លើសំណុំរឿងឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ដែលបានបោកប្រាស់លុយរបស់ប្រជាពលរដ្ឋជាច្រើនលានដុល្លារ ក្នុងការទិញដីខ្យល់ និង អង្គរក្ស១៣នាក់ទៀត បានរារាំង បង្កហិង្សា ទៅលើសមត្ថកិច្ច ពេលកំពុងចុះអនុវត្តដីកា របស់ព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ លុះដល់រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ ស្នងការរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បានលក់ដីខ្យល់ ឱ្យប្រជាពលរដ្ឋ រាប់រយនាក់ ដែលមានទឹកប្រាក់ ច្រើនលានដុល្លារ។
បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ១៣នាក់ កំពុងស្ថិតក្នុងការសាកសួរ របស់ចៅក្រមស៊ើបសួរ ដែលគេពុំទាន់ដឹងថា តើត្រូវឃុំខ្លួនបណ្តោះអាសន្ន ឬមួយយ៉ាងណា ?
សូមបញ្ជាក់ថា,យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លារ)។
ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ។
ប្រជាពលរដ្ឋជាច្រើននាក់ ដែលរងគ្រោះចាញ់បោក អ្នកឧកញ៉ា ហ៊ី គឹមហុង បាននាំគ្នា ទៅឈរនៅមុខតុលាការ តាំងពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្នុងដំណាក់កាលដែលមន្ត្រីនគរបាលយុត្តិធម៌រាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមជនទាំងនេះទៅតុលាការ ៕
ដោយ ៖ រ៉ារ៉ា