ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនទម្ងន់ជាង៤០គីឡូក្រាមបង្ក្រាបបាន៣ខេត្តយកមកដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រឿងញៀនទម្ងន់ជាង៤០គីឡូក្រាមដែលបង្ក្រាបបានពី៣ខេត្តត្រូវបានយកមកដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នៅក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យក្នុងខេត្តបន្ទាយមានជ័យ។

លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលត្រូវបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ហើយត្រូវបានសុំគោលការណ៍ក្រសួងយុត្តិធម៌ដុតបំផ្លាញចោលគ្រឿងញៀនជាង៤០គីឡូក្រាមដែលបង្ក្រាបបានចំនួន៣ខេត្តមាន១. ខេត្តបន្ទាយមានជ័យមានគ្រឿងញៀនប្រភេទម្សៅក្រាម(ទឹកកក)ទម្ងន់៧៦៦.៨ក្រាម ប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ទម្ងន់១៨២.៥ក្រាម ថ្នាំចម្រុះ(ថ្នាំគ្រវី)ទម្ងន់៣៣៧.៥ក្រាម ថ្នាំទឹក(កេតាមីន)ទម្ងន់១៩៤.២ក្រាម កញ្ចាក្រៀមទម្ងន់៥.៨៦ក្រាម, ២.ខេត្តឧត្តរមានជ័យគ្រឿងញៀនប្រភេទម្សៅក្រាម(ទឹកកក)ទម្ងន់១.៥៤៨,១២ក្រាម មេតំហ្វេតាមីនគ្រាប់(WY)មានចំនួន១.២០៧គ្រាប់, ៣.ខេត្តប៉ៃលិនគ្រឿងញៀនប្រភេទម្សៅក្រាម(ទឹកកក)ទម្ងន់៧២២.៣១ក្រាម ប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ចំនួន១.៤០១គ្រាប់ស្មើទម្ងន់១៣៣.៥៦ក្រាម។

លោក នាគ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា៖ ពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ(អ្វីៗដើម្បីប្រជាពលរដ្ឋជាចម្បង បញ្ឈប់ការរើសអើងនិងមាក់ងាយអ្នកប្រើគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ) ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់អោយកាន់ស៊ីជម្រៅនិងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ជាការកោតសសើរចំពោះកងកម្លាំងសមត្ថកិច្ចទាំងបីខេត្តជាប់ជាយដែនដែលបានបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបានយកទៅដាក់ពន្ធនាគារ ហើយវត្ថុតាងគ្រឿងញៀនទម្ងន់ជាង៤០គីឡូក្រាមត្រូវបានយកមកដុតកម្ទេចចោលក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលត្រូវបានធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖