ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១១ ខែសីហា ឆ្នាំ២០២៣នេះថា៖ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានកំពុងបំពាននឹងច្បាប់ កេងបន្លំលើអ្នកប្រើប្រាស់ត្រូវបានសមត្ថកិច្ចជំនាញ ក.ប.ប. បន្តស្វែងរកនិងចាត់វិធានការច្បាប់។
ជាក់ស្ដែងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កណ្ដាល កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការច្បាប់ស្របនឹងការត្រួតពិនិត្យស្វែងរកភាពមិនមានអនុលោមភាពលើសា្ថនីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងរាជធានី ខេត្ត ៨ខាងលើ។
មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ការស្រាវជ្រាវ និងត្រួតពិនិត្យគឺការពារសិទ្ធិអ្នកប្រើប្រាស់ស្របនឹងច្បាប់ដែលមានចែង បំបាត់អំពើមិនសុចរិតភាពក្នុងពាណិជ្ជកម្ម ជំរុញការប្រកួតប្រជែងដោយស្មើភាពគ្នារវាងធុរជននិងធុរជន និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ ការត្រួតពិនិត្យនេះគឺមន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង និងពិន័យតាមច្បាប់ដែលមានចែង៕
ដោយ៖ សហការី