ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកនេះបើមានប្រជាពលរដ្ឋចូលរួមបានច្រើន អាជ្ញាធរនឹងក្តាប់បានបញ្ហា រាល់ការសំណូមពរនៅមូលដ្ឋាន ដើម្បីជាធាតុផ្សំមួយក្នុងការដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព តម្លាភាពផងដែរ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋមកពី៥ឃុំ មានឃុំអណ្ដូងពោធ៏ ឃុំដូង ឃុំត្រពាំងស្ដៅ ឃុំចន្ត្រីនិងឃុំអង្គប្រស្រែ ។
លោកអភិបាលស្រុកបន្តថា មានតែពលរដ្ឋនៅមូលដ្ឋានទេដែលមានទុក្ខកង្វល់នានាដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះរាជរដ្ឋាភិបាលបានបង្កើតឱ្យមានកម្មវិធីវេទិកា ដើម្បីឱ្យពលរដ្ឋបានចូលរួមបានច្រើន លើកជាសំណូមពរនិងកង្វល់នានា ធ្វើយ៉ាងណាឱ្យភូមិឃុំមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។
លោកបានបន្តថា ពលរដ្ឋសូមកុំខ្លាចអាជ្ញាធរនិងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដូចជាការ គោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកបរបញ្ច្រាសទិស បើកបរត្រូវប្រកាន់ស្ដាំ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់និងកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ហើយមន្ត្រីនៅក្រុងបាវិតខ្លះក៏បានប្រព្រឹត្តនូវអំពើខុសច្បាប់ផងដែរ ដោយនៅតែជិះរថយន្តបញ្ច្រាសទិសក៏មានដែរ ដូច្នេះចាប់ពីពេលនេះទៅត្រូវបញ្ឈប់ទម្លាប់អាក្រក់នេះជាបន្ទាន់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ព្រោះមន្ត្រីជាគំរូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋក៏បានលើកឡើងអំពីចំណុចសំខាន់ៗដែលឱ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ បញ្ហាអគ្គិសនី និងចរាចរណ៍ផ្លូវគោកជាដើម។
ក្នុងឱកាសនោះ លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកបានថ្លែងថា វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកត្រូវបានប្រារព្វធ្វើឡើង ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវព័ត៌មានអំពីការធ្វើសេចក្តីសម្រេចចិត្ត និងសកម្មភាពដែលក្រុមប្រឹក្សាបានអនុវត្តការងារពេលកន្លងមក ជាពិសេសដើម្បីបង្កើតឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អសេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីដោះស្រាយនូវបញ្ហាទុក្ខកង្វល់នានាជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានេះ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយរបស់ មន្ត្រីជំនាញពាក់ព័ន្ធហើយ ថ្នាក់ដឹកនាំស្រុកនឹងយកទៅពិភាក្សានិងជំរុញឱ្យមានដំណោះស្រាយជាបន្តបន្ទាប់៕
ដោយ៖ សុថាន