ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា យោងតាមព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធ ពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា “ ។

ក្នុងពិធីដ៏មហាឡោវឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។ បន្ទាប់ពីពិធីបើក សម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី :

១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ។

២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។

នៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕

ដោយ ៖ សិលា


ចែករំលែក៖