ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត ២៨គ្រឿង ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​ស្លាប់ ០៤នាក់ និងរបួស ១០នាក់នាថ្ងៃទី១១ ខែសីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៨គ្រឿងនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១១គ្រឿង និងរថយន្ត ១៧គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ សម្រាប់ថ្ងៃទី១១ ខែសីហានេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨២គ្រឿង ក្នុងនោះមានម៉ូតូ ២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសសញ្ញា ខ្សែក្រវាត់ អត់ស្លាកលេខ ទូរស័ព្ទ និងអាជីវកម្មជាដើម។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យរូបនេះ​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​សម្រាប់ថ្ងៃទី១១ ខែសីហានេះដែរ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ បានកើតឡើងចំនួន ១០លើក ក្នុងនោះមនុស្សចំនួន​ ៤នាក់ស្លាប់ និង​ ១០នាក់ទៀតរងរបួស (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ១១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៤៥នាក់ របួស ២០៣នាក់ (របួសធ្ងន់ ១០៩នាក់)៕

ដោយ​៖ សហការី​


ចែករំលែក៖