ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា​ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក​ កើនឡើងជាប់ ៤៣ ភាគរយ បើធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

ជាក់ស្ដែង​របាយការណ៍នេះ​ បានបង្ហាញពីស្ថិតិ​ទំនិញពាណិជ្ជកម្ម​នាំចេញ​របស់កម្ពុជា ​ក្នុងនោះការនាំចេញកៅស៊ូ ​និងផលិតផលធ្វើពីកៅស៊ូ ​នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ មានទឹកប្រាក់ជាង ៦១ លានដុល្លារ ខណៈការនាំចេញរយៈពេលដូចគ្នាឆ្នាំ ​២០២២ ​មានត្រឹម ៤១ លានដុល្លារប៉ុណ្ណោះ។​ ចំណែកការនាំចេញកៅស៊ូ និង​ផលិតផល​ធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះ ​មានទំហំទឹកប្រាក់សរុបជាង ៣៨៥ លានដុល្លារ ​ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ការនាំចេញទំនិញប្រភេទនេះ មានទឹកប្រាក់ ២៦៩ ​លានដុល្លារ ។ ដូច្នេះតាមរយៈនៃការនាំចេញនេះ បានបង្ហាញថា កៅស៊ូរបស់កម្ពុជាកំពុងមាន​ទីផ្សារល្អ​ប្រសើរសម្រាប់ទីផ្សារក្រៅស្រុក។

ដោយឡែក​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង​ ជុំវិញការនាំចេញកៅស៊ូនេះ​ ក៏បាន​ថ្លែងនូវ​ការសាទរ ចំពោះការងើបឡើងល្អនៃការនាំចេញកៅស៊ូរបស់កម្ពុជា ខណៈបច្ចុប្បន្នទីផ្សារជ័រកៅស៊ូ​ក្នុងស្រុកកំពុងមានកំណើន ​ដែលការនាំចេញទំនិញប្រភេទនេះ និងមាន​បន្តនិរន្តសម្រាប់ទីផ្សារ​នាំចេញ​របស់កម្ពុជាផងដែរ​ ដ៏រាបណាទីផ្សារនៅក្នុងស្រុក មិនទាន់ស្រូបយកជ័រកៅស៊ូ​សម្រាប់​ដំណើរការផលិត។ ជុំវិញតម្រូវការជ័រកៅស៊ូក្នុងស្រុកនេះដែរ អ្នកឧកញ៉ា ​បញ្ជាក់បន្ថែមថា ចំពោះ​តម្រូវការជ័រកៅស៊ូនៅក្នុងប្រទេស ប្រសិនរោងចក្រទាំងអស់បើកដំណើរ គឺស្រូបយក​តែជ័រកៅស៊ូ​ប្រភេទលេខ ១០ ខណៈដែលការផលិតកៅស៊ូប្រភេទនេះនៅកម្ពុជា ​មានត្រឹម ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ​មានរោងចក្រផលិតសំបកកង់ចំនួន ២ បានកំពុងដំណើរការ, រោងចក្រទី១ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ​វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd, ក្រុមហ៊ុននេះនឹង​ទិញផលិតផលជ័រកៅស៊ូក្នុងស្រុក​ ១០០% ​សម្រាប់សង្វាក់ការផលិត ក្នុងរង្វង់​ប្រមាណ ៥ ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ ​រោងចក្រទី ២ ស្ថិតនៅ​ក្នុងខេត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd, រោងចក្រនេះ និងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិនៅក្នុងស្រុកផងដែរ ។ ​ចំណែករោងចក្រទី ៣ គឺក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd មានទីតាំងខេត្តក្រចេះ​ ក្រុមហ៊ុននោះនឹងអាច​ត្រូវការជ័រកៅស៊ូ​ក្នុងស្រុកផងដែរ ​ដែលទាំងអស់នេះគឺជាផ្នែកមួយជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូ​ធម្មជាតិរបស់កម្ពុជា៕

ដោយ​៖ សហការី​


ចែករំលែក៖