ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់ស្រីម្នាក់ប្រុសម្នាក់ចេញឆក់ទូរស័ព្ទបានសម្រេច តែត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវដេញឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាក្រុមចោរឆក់ ចំនួន២នាក់ (ស្រីម្នាក់ប្រុសម្នាក់) ត្រូវបាន សមត្ថកិច្ចខណ្ឌឫស្សីកែវដេញតាមឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ដែលកំពុងជិះកង់ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​    លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ សាន ស្រីមាន អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៩៩ ក្រុមទី៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ចំណែកជនសង្ស័យទាំង២នាក់មានឈ្មោះ ចក់ ពុធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ បន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន) និងឈ្មោះ អ៊ុយ ស្រីម៉ុច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ បន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន)។

សម្ភារដកហូតរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1D- 7921 និងទូរស័ព្ទចំនួន២គ្រឿង ត្រូវបានប្រគល់អោយជនរងគ្រោះ វិញហើយ។

​    លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ៖ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានជិះកង់តាមបណ្ដោយផ្លូវជាតិលេខ៥បានទុកទូរស័ព្ទនៅក្នុងកន្ត្រកកង់ខាងមុខ ពេលជិះដល់ចំណុចក្រុមទី០៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យទាំង០២នាក់បានជិះមកជិតជនរងគ្រោះហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងកន្ត្រកកង់ បានសម្រេចហើយ ក៏ជិះម៉ូតូរត់គេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ធ្វើឱ្យកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ដែលកំពុងតែល្បាតនៅក្បែរនោះឃើញក៏ប្រដេញចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងនៅចំណុចផ្លូវបេតុង ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយយកមកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

​    សមត្ថកិច្ច បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖