ភ្នំពេញ ៖ យើងធ្លាប់តែប្រើឡេការពារកម្ដៅថ្ងៃដើម្បីការពារស្បែកកុំឲ្យរលាក កុំឲ្យរបកពេលត្រូវពន្លឺថ្ងៃខ្លាំង ប៉ុន្តែបែរជាមានគ្នាយើងផ្សេង ប្រើផលិតផលប្រភេទ peeling ឬថ្នាំបកស្បែក ឲ្យរបកមកទាំងដុំៗដើម្បីចង់បានស្បែកសទៅវិញ? នេះជាការលើកឡើងលើផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា ។
ថ្នាំបកស្បែកជាអ្វី?
ពពួកថ្នាំដែលគេប្រើក្នុងដំណើរការនេះគឺជាសូលុយស្យុងគីមីដែលអាចធ្វើឲ្យស្រទាប់ខាងក្រៅស្បែក ឬស្រទាប់ Epidermis របកចេញមក (skin resurfacing) ហើយធាតុផ្សំគោលក្នុងថ្នាំបកស្បែកនេះគឺអត់មានអីក្រៅពី «អាស៉ីត» ទេសូមជ្រាប !
ដំណើរការនៃការបកស្បែកមាន ៣ កម្រិត
កម្រិតស្រាល (Light Depth) ៖ អាស៉ីតជ្រាតចូលត្រឹមស្រទាប់ខាងលើនៃស្បែកតាមរយៈប្រើពពួកអាស៉ីតខ្សោយ (Glycolic Acid/Lactic acid/Salicylic acid/Mandelic acid/Phytic acid/Retinoic acid)
កម្រិតមធ្យម (Medium Depth) ៖ អាស៉ីតជ្រាតចូលកាន់តែជ្រៅមួយកម្រិតទៀត តែអត់ទាន់ដល់ស្រទាប់ទី ២ ស្រទាប់ Dermis របស់ស្បែកទេ។ គេប្រើពពួកអាស៉ីតកាន់តែខ្លាំងជាងមុន ហើយអាចមានផលប៉ះពាល់កាន់តែធំដូចជា Trichloroacetic acid/Jessner’s solution ដែលជាបណ្ដុំអាស៉ីតខ្សោយ ៣ មុខចូលគ្នា [lactic acid/salicylic acid/resorcinol]/Pyruvic acid -ល-
កម្រិតជ្រៅ (Deep peel) ៖ ចំណុចនេះគឺអាស៉ីតជ្រាបចូលស្រទាប់ទី ២ នៃស្បែកហើយ ហើយពពួកអាស៉ីតដែលប្រើគឺមានតែមួយគត់គឺ Phenol ឬ Carbolic Acid។ អាស៉ីតនេះធ្វើឲ្យស្បែករបកមកទាំងដុំ ហើយមានផលប៉ះពាល់ខ្លាំងដល់រាងកាយ។
ដំណើរការប្រើពពួកថ្នាំបកស្បែក ឬ Chemical peel នេះមែនទែនទៅមានតែអ្នកជំនាញ ឬ in-door treatment នៅគ្លីនិកប៉ុណ្ណោះដែលអាចទុកចិត្តបាន។ ជាពិសេសសម្រាប់ កម្រិត medium និងកម្រិត deep អត់អាចអនុវត្តខ្លួនឯងនៅផ្ទះបានទេ។
ផលប៉ះពាល់នៃការប្រើថ្នាំបកស្បែក
ស្បែកមានការឈឺចាប់ខ្លាំង ក្រហាយ ឈីបៗ (អាចរហូតដល់រាប់អាទិត្យអីក៏មាន)
ស្បែកមានក្រហមខ្លាំង ស្បែកស្ដើង ហើម បែកសរសៃក្រហម
បង្ករឲ្យស្បែកងាយប្រតិកម្ម អាឡែកហ្ស៊ី និយាយទៅគឺស្បែកដែលខ្សោយ ប៉ះអីក៏ងាយរលាក
សមត្ថភាពនៃការផ្សះរបួសរបស់ស្បែកថយចុះ
ស្បែកផ្លាស់ប្ដូរពណ៌ទៅជាប្រផេះ មានឡើងជាំខ្មៅ ឬអុចខ្មៅ ឬអុចសដុំៗ skin tone ឬសំបុរស្បែកអត់ស្មើគ្នា
ការបកស្បែកអាចបង្ករឲ្យមានការឆ្លងមេរោគ វីរុស ឬផ្សិតលើស្បែកបាន
ប្រឈមមុខនឹងមហារីកស្បែកខ្ពស់
អាចប៉ះពាល់ដល់ដំណើរការប្រព័ន្ធឈាម ឬសរសៃឈាម ធ្វើឲ្យចង្វាក់បេះដូងដើរលឿន បំផ្លាញដំណើរការតម្រង់នោមឬក្រលៀន និងការច្រោះជាតិពុលរបស់ថ្លើម ក្នុងករណីប្រើប្រាស់ពពួកអាស៉ីតខ្លាំងដូចជា Carbolic Acid
សូមបញ្ជាក់ឲ្យច្បាស់ៗម្ដងទៀតថា ការបកស្បែកនេះគឺមិនមែនសម្រាប់គ្រប់គ្នាឡើយ។ ជាពិសេសការបកស្បែករហូតចេញមកទាំងផ្ទាំងៗដូចរូបខាងក្រោម គឺត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញសើរស្បែកផ្ទាល់ មិនមែនទិញតែសូលុយស្យុងមួយដបមកប្រើនៅផ្ទះខ្លួនឯងក៏បានហើយទេ!
មួយទៀតអ្នកដែលធ្លាប់មានប្រវត្តិប្រើថ្នាំមួយចំនួន ស្រ្តីមានផ្ទៃពោះ អ្នកមានផ្ទុកលក្ខណៈហ្សែនណាមួយ អ្នកមានអាឡែកហ្ស៊ី ឬស្បែកខ្សោយ ស្ដើង គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការបកស្បែកនេះដាច់ខាត។ សូមប្រយ័ត្នប្រយែង! ៕
ដោយ ៖ សហការី