សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានក្រុមហ៊ុនផលិតនាវាចម្បាំងដ៏ធំមួយរបស់រុស្ស៉ី បាននិយាយថា រុស្ស៉ីកំពុងស្ថិតនៅក្នុងដំណើរការបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីមួយ។
លោក អាឡិចសី រ៉ាក់ម៉ានូវ (Alexei Rakhmanov) ជានាយកប្រតិបត្តិការក្រុមហ៊ុន United Shipbuilding Corporation (USC) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមានមុខងារជាច្រើន Yasen-M project នឹងត្រូវបានបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។ កិច្ចការក្នុងទិសដៅនេះកំពុងដំណើរការហើយ»។
នាវាមុជទឹក Yasen ឬ Project 885M គឺជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលគ្រូសដែលត្រូវបានផលិតឡើងសម្រាប់ជំនួសនាវាមុជទឹកនុយក្លេអ៊ែរសល់ពីសម័យសូវៀត ជាផ្នែកមួយនៃការធ្វើទំនើបកម្មកងកម្លាំងរបស់រុស្ស៉ី។ ចំណែកមីស៊ីលល្បឿនលឿនជាងសំឡេង Zircon វិញ មានសមត្ថភាពបាញ់បានចម្ងាយពី៩០០គីឡូម៉ែត្រ ដោយអាចហោះបានក្នុងល្បឿនលឿនជាងសំឡេងជាច្រើនដង៕
ដោយ៖ ធីរីណា(រូបថត៖ Sputnik)