ព័ត៌មានទាន់ហេតុការណ៍៖

លួច​គេបាន​ញ៉ាម​ ដល់លើកទី៤ ជាប់ខ្នោះដៃទាំងពីរនាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោ​កវរ​សេនីយ៍ឯក ពេជ្រ​ សារ៉ែន ​អធិការនគរបាលក្រុងបាត់ដំបង​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ បានបញ្ជូនខ្លួនមុខសញ្ញាចោរលួចដែកពលរដ្ឋតាមលំនៅដ្ឋានយ៉ាងសកម្មចំនួន ០២នាក់ ទៅកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដេីម្បីបន្តតាមច្បាប់ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

លោ​កវរ​សេនីយ៍ឯក ពេជ្រ​ សារ៉ែន ​បានឱ្យដឹង​ទៀត​ថា​ មានករណីលួច (លួចដែក) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកដែក របស់ជនរងគ្រោះឈ្មោះ វ៉ាន តូម៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង​កាលពីថ្ងៃទី១២ ខែសីហាថ្មីៗនេះ​ នៅត្រង់ចំណុចក្រុមទី០៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែក​សម្ភារៈបាត់បង់៖ សូឡាធំចំនួនមួយគ្រឿង (៥០០វ៉ាត់), ខ្សែភ្លេីងប្រវែង២០ម៉ែត្រ, ម៉ូទ័របូមទឹកចំនួន០១គ្រឿង, ដែកក្ដាពុម្ភមួយចំនួន។ 

លោកអធិការ​ក្រុង​បាត់​ដំបង​ បន្តថា​ ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ មៀម ទិត្យមេសា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ និង២.ឈ្មោះ ញឹម ញៀន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង ០២នាក់ បានសារភាពថាខ្លួនពិតជាបានលួចដែកនៅក្នុងផ្ទះត្រចៀកកាំរបស់ជនរងគ្រោះពិតប្រាកដមែន ហេីយរយៈកាលកន្លងមកខ្លួនធ្លាប់បានចូលលួចចំនួន ០៣លេីកមកហេីយ ។ 

វត្ថុតាងដកហូតបានរួមមាន៖ 

-ដែកជ្រុង ២៧កំណាត់ ។

-ដែកថ្នាំងអំពៅ ១៧ដុំ ។ 

បច្ចុប្បន្ន​ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖