ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបង្កើនការផលិតមីស៊ីល កាំភ្លើងធំបង្កើនឥទ្ធិពលយោធា

ចែករំលែក៖

នៅថ្ងៃទី ១៤ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជាឱ្យឧស្សាហកម្មអាវុធរបស់ប្រទេសនេះបង្កើនការផលិតមីស៊ីលនិងកាំភ្លើងធំសម្រាប់ “អំណាចយោធាដ៏លើសលប់” ហើយតែងតែត្រៀមខ្លួនជាស្រេចក្នុងការធ្វើសង្គ្រាម។
កាលពីចុងសប្តាហ៍ លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតកាំជ្រួចយុទ្ធសាស្ត្រ កាំជ្រួចរ៉ុក្កែត រថពាសដែក និងគ្រាប់កាំភ្លើងធំ។ ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់លោក Kim Jong Un ទៅកាន់កន្លែងការពារជាតិ។
សំណើរបស់គាត់កើតឡើងមួយសប្តាហ៍មុនពេលសមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិក ដែលទីក្រុងព្យុងយ៉ាងមើលឃើញថាជាការហាត់សមសម្រាប់សង្គ្រាម។
ប្រធាន គីម បានមានប្រសាសន៍ថា “កម្រិតនៃគុណភាពនៃការរៀបចំសង្រ្គាមគឺអាស្រ័យលើការអភិវឌ្ឍឧស្សាហកម្មអាវុធ និងរោងចក្រដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពន្លឿនដំណើរការរៀបចំសង្រ្គាមរបស់កងទ័ពប្រជាជន (កូរ៉េខាងជើង)។
ចាប់តាំងពីបណ្តាញការទូតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump បានបិទ ប្រទេសកូរ៉េខាងជើងបានបង្កើនការវិនិយោគលើវិស័យយោធា និងអាវុធនុយក្លេអ៊ែរ។
ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងកាំជ្រួចច្រើនជាង ១០០ ដង ដែលភាគច្រើនត្រូវបានគេជឿថាជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្នុងតំបន់។
រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវសព្វាវុធនាពេលកន្លងមក រួមមានគ្រាប់កាំភ្លើងធំ កាំជ្រួចបាញ់តាមស្មា និងគ្រាប់រ៉ុក្កែត។ ទោះជាយ៉ាងណា កូរ៉េខាងជើងនិងរុស្ស៊ីបានបដិសេធរាល់ការចោទប្រកាន់ខាងលើ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖