ខេត្តបាត់ដំបង ៖ នៅព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទី នៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងត្រាក់ទ័រនឹងម៉ូតូបណ្តាលអោយមនុស្សស្លាប់២នាក់ និងរបួសស្រាលម្នាក់។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយត្រាក់ទ័រ១គ្រឿងម៉ាកហ្វដ ពណ៌ខៀវ អ្នកបើកបរឈ្មោះ សុិន វុធី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-5591 អ្នកបើកបរឈ្មោះ អឿន សំភាស់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (របួសធ្ងន់ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងអ្នករួមដំណើរចំនួន២នាក់ ទី១.ឈ្មោះ អឿន ឧស្សាហ៍ ភេទស្រី អាយុ០៥ឆ្នាំ (របួសធ្ងន់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ) និងទី២.ឈ្មោះ អឿន ចិត្រា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបរត្រាក់ទ័របត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយភាគីម៉ូតូបុកចំពីមុខពេញមួយទំហឹងតែម្ដង។
បច្ចុប្បន្ននគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្កនិងវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សហការី