ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង រតនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅផែនការការងារប្រតិបត្តិការប្រចាំឆមាសទី២

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅផែនការការងារប្រតិបត្តិការប្រចាំឆមាសទី២។ 

សូមជម្រាបថា ក្នុងរយៈពេល៦ខែ (មករា-មិថុនា​)​ ឆ្នាំ២០២៣នេះ​ ទោះបីជាគម្រោងមួយចំនួនមានការពន្យារពេលនិងយឺតយ៉ាវក្នុងការចាប់ផ្តេីមអនុវត្តន៍ក៏ដោយ ក៏កិច្ចប្រតិបត្តិការគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អប្រសើរតាមផែនការដែលបានដាក់ចេញ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានសរុបចំនួនជាង១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង១១៣,២៨% ធៀបនឹងផែនការឆមាសទី១ឆ្នាំ២០២៣ ដែលមានផ្ទៃដីចំនួនជាង១៣៤គីឡូម៉ែត្រក្រឡា ។ 

កិច្ចប្រតិបត្តិការនេះ បានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៦.៣១៥គ្រាប់។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះផងដែរ អង្គភាពស៊ីម៉ាក់ក៏បានផ្តល់ការអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ក្រុមគោលដៅតាមបណ្តារខេត្តបានចំនួន១១.៦៤៨លើក ស្មើនឹង៥៧១.៨១០ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុប៨៩២.១២៩នាក់ ស្មើនឹង៥៥,៧៧% នៃផែនការឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្នុងន៏យដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព ក៏ដូចជាពន្លឿនកិច្ចប្រតិបត្តិការ អង្គភាពស៊ីម៉ាក់បានយកចិត្តទុកដាក់ក្នុងបង្កើនពហុជំនាញដល់មន្រ្តីជំនាញតាមរយៈការហ្វឹកហ្វឺនជំនាញបច្ចេកទេសថ្មីៗ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា  ឆ្នាំ២០២៣នេះ  មន្រ្តីជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួន៧រូបបានធ្វើដំណើរទៅសាធារណរដ្ឋកូឡុំប៊ី  ដើម្បីបន្តផ្តល់កិច្ចប្រតិបត្តិការហ្វឹកហ្វឺនសកម្មភាពកំចាត់មីន  ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា  និងរដ្ឋាភិបាលសាធារណរដ្ឋកូឡុំប៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ក្រោមគម្រោងកិច្ចសហប្រតិបត្តិកាត្បូង-ត្បូង។

ឆ្លៀតក្នុងឱកាសនេះដែរ ក៏សូមអបអរសាទរចំពោះថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ចំនួន៤១នាក់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហរទ័យ ត្រាប់បង្កាប់ដាក់ឱចូលនិវត្តន៍នៃក្រសួងការពារជាតិ ។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងរូបខ្ញុំបាទផ្ទាល់សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារជាតិ  ដែលបានជំរុញ និងជួយឱបានចូលក្របខណ្ឌក្រសួងការពារជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖