ភ្នំពេញ ៖ ក្នុងរយៈពេលពីរថ្ងៃ(ថ្ងៃទី១៣ និងទី១៤ សីហា ២០២៣)នេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានធ្វេីការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនចំនួន០៤នាក់ និងវត្ថុតាង កសាងសំណុំរឿងបញ្ចូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីអាវុធហត្ថខណ្ឌដង្កោ បានបញ្ចាក់ឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង២៥នាទី ដោយមានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានចេញល្បាតក្នុងភូមិសាស្ត្រ ពេលល្បាតមកដល់ត្រង់ចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញបានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យពេលនោះកងកម្លាំងក៏បានឃាត់សួរនាំ តែជនសង្ស័យមិនព្រមសហការបែរជាបើកម៉ូតូរត់គេចខ្លួន ឃើញដូច្នេះ កម្លាំងជំនាញបានធ្វើការប្រដេញតាមចាប់ខ្លួនជនសង្ស័យតែម្តង ។
ជាលទ្ធផលធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ទី១.ឈ្មោះ តោ រិទ្ធវុធី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី២.ឈ្មោះ ជៀប កុត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ព្រមទាំងចាប់កវត្ថុតាងរួមមាន ៖
– ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) ,ម៉ូតូចំនួន ០១គ្រឿង ម៉ាក់ស៊ុយស៊ុយគីស្មាស់ ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-6979 និងទូរសព្ទ័ដៃចំនួន ០៣គ្រឿង ។
ក្រោយពីកម្លាំងជំនាញបានធ្វើការសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនមានបក្សពួកផ្សេងទៀតនៅម្តុំវត្តជាន់ឯក ។ លុះដល់វេលាម៉ោង០៩និង៤២នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ត្រី លី សូណាក់ភត្រ្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ និងការចង្អុលប្រាប់របស់ជនសង្ស័យ កម្លាំងជំនាញបានបន្តនីតិវិធីចុះដល់ចំណុចផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀតរួមមាន ៖ ទី១.ឈ្មោះ យឿន ធីតា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី២.ឈ្មោះ រិន ប្រិមប្រិយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះក៏ចាប់យកវត្ថុតាង ៖ -ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) , ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-3092 ,ដាវចំនួន០២ដើម , អាយកូមចំនួន០១ដើម , ទូរស័ព្ទចំនួន០២គ្រឿង ,ប្រាក់រៀលចំនួន១៩.០០០រៀល ,អត្តសញ្ញាណសញ្ជាតិខ្មែរចំនួន០១សន្លឹក ,កាតវ៉ាក់សាំងCovid-19ចំនួន០២សន្លឹក , ឧបករណ៍ប្រើប្រាស់សារធាតុញៀន និង ថង់ច្រកគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញបន្តនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ