ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់ជិះម៉ូតូបុករថយន្តដឹកទឹកកកឈប់ចតលើទ្រូងផ្លូវបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសជាកម្មករម្នាក់បានស្លាប់នៅនឹងកន្លែងដោយជិះម៉ូតូបុករថយន្តដឹកទឹកកកដែលកំពុងឈប់នៅលើទ្រូងផ្លូវជាតិលេខ៥ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចខាងលិចខ្លោងទ្វារវត្តម៉ុងចិនប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពុំមានផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ីម ដារា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ស្លាប់នៅកន្លែងកើតហេតុ។

    នគរបាលដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-7784 (អ្នកបើកបរមិនស្គាល់ឈ្មោះ)បានឈប់ចោលលើទ្រូងផ្លូវដើម្បីដាក់ទឹកកកឱ្យម៉ូយដោយគ្មានការប្រុងប្រយ័ត្ន បែរក្បាលទៅទិសខាងកើត ។ ក្រោយមកស្រាប់តែមានម៉ូតូ០១គ្រឿងបើកក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតបានបុករថយន្តខាងលើពីក្រោយបណ្តាលអោយគ្រោះថ្នាក់ស្លាប់តែម្តង ។

    ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង។

    ក្រោយពីការវាស់វែងរួចសមត្ថកិច្ចប្រាប់ថាៈ យានទាំងពីរ(ខូចខាតស្រាល) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំពោះសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

    នៅក្រុងប៉ោយប៉ែគេមើលឃើញថា ផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍កំពុងតែកើតមានទាំងផ្លូវជាតិក៏ដូចជាផ្លូវបេតុង ដោយការឈប់ចតគ្មានសណ្ដាប់ធ្នាប់។ជាងនេះទៅទៀតការដាក់លក់ដូរតាមរទេះក៌មានច្រើនគ្មានរបៀបរាបរយ ជាផ្នែកមួយបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។ ពលរដ្ឋអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយពិនិត្យនិងរៀបចំសណ្ដាប់ធ្នាប់ឱ្យល្អប្រសើរផង៕

ដោយ ៖ វណ្ណា


ចែករំលែក៖