ខេត្តកណ្តាល+ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ពាក់ព័ន្ធនឹងឃ្លីបវីដេអូ ម្ចាស់ម៉ូតូកង់បីឥណ្ឌាបំពានច្បាប់ចរាចរណ៍ជិះបញ្ច្រាសផ្លូវនិងរកចង់វាយអ្នកបើករថយន្តស្របផ្លូវ ករណីនេះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យខាងលើ ដើម្បីយកមកអនុវត្តតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបជាព័ត៌មាន។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា, កម្លាំងនគរបាល គ្រប់គោលដៅ បានស្រាវជ្រាវ ដើម្បីឃាត់ខ្លួន ជនបង្កនោះហើយ ។
សូមបញ្ជាក់ថា, សមត្ថកិច្ចកំពុងប្រមាញ់ ដោយយកចិត្តទុកដាក់បំផុត បន្ទាប់ពីមានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឃើញជនបង្កហេតុ បង្ហាញកាយវិការ អសីលធម៌ ល្មើសច្បាប់ចរាចរណ៍ បើកបរបញ្ច្រាសទិសដៅ បង្កបញ្ហា នឹងមានចេតនាទុច្ចរិត ប្រើហិង្សាដោយដំបងជ្រុងមកលើជនរងគ្រោះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបជូនថា, លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជា ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាអោយសមត្ថកិច្ចគ្រប់គោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនម្ចាស់ តុក តុក ស្លាកលេខ 1AB-5481 កណ្ដាល ដែលបេីកបរបញ្ច្រាសទិសដៅចរាចរណ៍ហើយ គំរាមកំហែងប្រេីហិង្សាលេីប្រជាពលរដ្ឋ នៅចំណុចមុខស្ថានទូតថៃ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ។
តាមការស្រាវជ្រាវចុងក្រោយ អ្នកបេីកបរ តុក តុក នោះមានឈ្មោះ កែ ឃីម ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារនៅឆ្នាំ២០១៤ និង ចេញពីពន្ធនាគារវិញនៅឆ្នាំ ២០១៨ ។ ឈ្មោះ កែ ឃីម មកពីខេត្តតាកែវ គ្មាន អត្តសញ្ញាណប័ណ្ណប្រេីទេ ហេីយបានខ្ចី អត្តសញ្ញាណប័ណ្ណរបស់ឈ្មោះ សៀម នឿន ដេីម្បីទិញ តុក តុក រត់ឈ្នួល ឈ្មោះ សៀម នឿន ដែលមានវ័យ ៥៦ ឆ្នាំ ជាម្ចាស់ អត្តសញ្ញាណប័ណ្ណមិនពាក់ព័ន្ធទេ ។
ជនរងគ្រោះដែលជិះរថយន្ត រងការគំរាមកំហែង ពីជនទំនើងបើកតុកតុក បានអះអាងថា, ករណីព្រឹកមិញ! មិនមែនជារឿង សម្ដែងឡើយ ។ លោកថ្លែងបែបនេះ បន្ទាប់ពីមានអ្នក លេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចូល Comments ជាច្រើនថាសម្ដែង ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា, កម្លាំងរបស់លោកកំពុងតែ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្នុងការប្រមាញ់ជនទំនើងរូបនេះ ដើម្បីយកមកធ្វើការសាកសួរតាមនីតិវិធី ៕
ដោយ ៖ សិលា