ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត៦០នាក់ហើយដោយសារគ្រោះទឹកជំនន់និងបាក់ដីនៅឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃអង្គារនេះ ក្រុមសង្រ្គោះបានបន្តការស្វែងរុករកអ្នកទាំងឡាយដែលបានបាត់ខ្លួន នៅក្នុងគ្រោះទឺកជំនន់និងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សកើនដល់យ៉ាងតិច៥៨នាក់ នៅប្រទេសឥណ្ឌាក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អាជ្ញាធរនៅរដ្ឋ ហ៉ីម៉ាចាល ប្រាដេស (Himachal Pradesh) ភាគខាងជើងប្រទេសឥណ្ឌាបានឱ្យដឹងថា គិតចាប់តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ មកទល់នឹងពេលនេះមានមនុស្សសរុបចំនួន៥០នាក់ហើយបាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតនៅជាប់គាំងមិនអាចទៅណារួច ក្រោយផ្លូវធ្វើដំណើរ ខ្សែផ្គត់ផ្គង់ថាមពលនិងបណ្តាញទំនាក់ទំនងបានទទួលរងការប៉ះពាល់។ នៅរដ្ឋខាងលើ មនុស្សរហូតដល់២០នាក់ ទំនងជាបានជាប់នៅក្រោមគំនរបាក់បែក ក្រោយពីមានគ្រោះបំណាក់ដី ហើយប្រជាជននៅក្នុងរដ្ឋត្រូវបានណែនាំកុំឱ្យចេញពីផ្ទះ និងជៀសវាងការទៅជិតច្រាំងទន្លេ។ ចំណែករដ្ឋអ៊ូតារ៉ាខាន់ (Uttarakhand) ដែលនៅក្បែរខាងគ្នាក៏បានមើលឃើញមនុស្សយ៉ាងហោច៨នាក់ បាត់បង់ជីវិតផងដែរ រាប់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។
រដូវមូសុងទទួលបន្ទុកនាំមកឱ្យតំបន់អាស៉ីខាងត្បូងនូវកម្រិតទឹកភ្លៀងប្រមាណ៨០ភាគរយនៃការធ្លាក់ភ្លៀងប្រចាំឆ្នាំរបស់តំបន់នេះ ហើយមានសារសំខាន់សម្រាប់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។ ទោះជាបែបនេះក្តី ទន្ទឹមគ្នាវាក៏នាំមកនូវការបំផ្លិចបំផ្លាញហិនហោចក៏ដូចជាការបាត់បង់ជីវិតមនុស្សរៀងរាល់ឆ្នាំផងដែរ ក្នុងទម្រង់នៃការវាយប្រហារដោយទឹកជំនន់និងបំណាក់ដី។ កាលពីខែកក្កដា ភ្លៀងមូសុងជាប់គ្នាជាច្រើនថ្ងៃនៅឥណ្ឌា បានសម្លាប់មនុស្សសរុបយ៉ាងតិច៩០នាក់ ហើយរដ្ឋធានីញូវដេលីបានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖