ព័ត៌មានទាន់ហេតុការណ៍៖

មិនចេះហែលទឹកទៅបង់សំណាញ់ជាអកុសលលង់ស្លាប់នៅក្នុងស្រះ

ចែករំលែក៖

    ខេត្តកណ្ដាល៖ បុរសជាកម្មករសំណង់ម្នាក់ បន្ទាប់ពីធ្វើសំណង់រួចបានយកសំណាញ់ទៅបង់ត្រីនៅក្នុងស្រះទឹកមួយកន្លែង ហើយជាអកុសលដោយសារតែបុរសខាងលើមិនចេះហែលទឹកក៏បណ្ដាលឱ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា  ឆ្នាំ២០២៣វេលាម៉ោង១១និង១០នាទី នៅចំណុចស្រះទឹកស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ អ៊ន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមន ឃុំក្រាំងស្បូវ ស្រុកឈូក ខខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់) ។

    ប្រភពដដែលបន្តថា តាមការសួរបំភ្លឺរបស់ឈ្មោះយ៉ង់ ណូ ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា រូបគាត់និងជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបានមកធ្វើការជាកម្មករសំណង់ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលតាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣មកម៉្លេះ។ នៅពេលទំនេរពីការងារគាត់តែងតែទៅបង់សំណាញ់នៅស្រះទឹកខាងកើតការដ្ឋានប្រហែល៥០ម៉ែត្រដើម្បីរកត្រីធ្វើជាម្ហូប។ មកដល់ថ្ងៃទី១៥ខែសីហាឆ្នាំ ២០២៣វេលាម៉ោង០៩និង៣០នាទីព្រឹករូបគាត់ជាប្រពន្ធថាប្ដីរបស់គាត់បានទិញស្រាថ្នាំមួយដបទឹកសុទ្ធចំណុះកន្លះលីត្រផឹករួចហើយបានយកសំណាញ់ទៅនេសាទត្រីនៅកន្លែងស្រះទឹកនោះដដែល។ ចំណែករូបគាត់ជាប្រពន្ធមិនបានទៅនេសាទជាមួយប្ដីទេ គឺធ្វើការនៅក្នុងការដ្ឋានសំណង់ជាមួយកម្មករផ្សេងៗទៀត។ លុះមកដល់ម៉ោង១១និង៣០ថ្ងៃខែឆ្នាំដដែលក៏ស្រាប់តែកម្មករធ្វើសំណង់របងថ្មនៅក្បែរស្រះទឹកនោះបានស្រែកប្រាប់កម្មករនៅក្នុងការដ្ឋានថា ឃើញមានមនុស្សមុជងើបមុជងើបនៅក្នុងស្រះនោះ មួយសន្ទុះហើយមិនឃើញងើបមកវិញទេ។  ប្រពន្ធជនរងគ្រោះបានឮក៏នាំបងប្អូនកម្មករទៅជួយរាវរកជនរងគ្រោះរហូតដល់ម៉ោង១២និង០០នាទីទើបរកជនរងគ្រោះឃើញ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយពេលនោះគាត់បានប្រាប់ទៀតថា ប្ដីគាត់មិនចេះហែលទឹកទេ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានឱ្យបងប្អូនកម្មករធ្វើការសំណង់ជាមួយគ្នាស្រង់សាកសពលើកមកក្នុងការដ្ឋាន  រួចហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីមកជួយត្រួតពិនិត្យ។

តាមការពិនិត្យរបស់សមត្ថកិច្ចឃើញថា សពមានសភាពរឹង ស្លៀកខោខ្លីឆ្នូតពណ៌ក្រហមនិងខោលីអូពណ៌ខ្មៅគ្មានអាវមានពពុះពណ៌សតាមច្រមុះ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋាន​ របស់គ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។

បន្ទាប់ពីពិនិត្យរួច សពជនរងគ្រោះ ត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖