ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រចណ្ឌធ្វើឱ្យបុរសជាប្តីដាច់ចិត្តទាញពូថៅផ្តាច់ជីវិតប្រពន្ធពេលកំពុងសម្រាក លង់លក់ក្នុងដំណេក។ ចំណែកបុរសជាប្តីព្យាយាមរត់ គេចប៉ុន្តែកម្លាំងសមត្ថកិច្ចឡោមព័ទ្ធជាប់ ក៏សម្រេចចិត្តចង.កសម្លាប់ខ្លួនលើដើមឈើតែម្តងទៅ។
ហេតុការណ៍បុរសជាប្តីទាញពូថៅកាប់ប្រពន្ធស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថា ករណីខាង លើនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ សុខ ខេង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្តី បានយកពូថៅកាប់ទៅ លើប្រពន្ធ ឈ្មោះ អុល សំអុន អាយុ៣៩ឆ្នាំ ចំកញ្ចឹងកខាងឆ្វេងចំនួន២ពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងផ្ទះលើពូកដោយមិនដឹងខ្លួន។
មន្ត្រីនគរបាលស្រុកបន្តទៀតថា បន្ទាប់ពីសម្លាប់ប្រពន្ធរួច បុរសជាប្តីបានរត់គេចខ្លួនចូលព្រៃ ប៉ុន្តែដោយសារការឡោមព័ទ្ធជុំវិញព្រៃរបស់កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារនិងជួយប្រទាក់ក្រឡារបស់អធិកាដ្ឋានស្រុកសាមគ្គីមុន្នីជ័យ ជនបង្កមិនអាចគេច ខ្លួនបានក៏សម្រេចចិត្តចង.កលើដើមឈើសម្លាប់ខ្លួនឯងតែម្ដង។
មន្ត្រីនគរបាលស្រុកថ្ពងបានបញ្ជាក់ថា មូលហេតុដែលបុរសជាប្តីដាច់ចិត្តយកពូថៅកាប់លើប្រពន្ធនោះ .បើតាមការបំភ្លឺពីប្រជាពលរដ្ឋជិតខាងជនសង្ស័យគឺជាមនុស្សញៀនស្រាជាប្រចាំនិងប្រចណ្ឌប្រពន្ធជារៀង រាល់ថ្ងៃទើបឈានទៅដល់ការកាប់សម្លាប់ប្រពន្ធខ្លួនឯងតែម្តងទៅ៕
ដោយ៖ សូរិយា