ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងវិមានឯករាជ្យ សួនច្បារសម្តេចក្រឡាហោម ស ខេង នៅបរិវេណវិមានឯករាជថ្មី ស្ថិក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ក្រុមការងារបានប្រជុំជាច្រើនលើកជាមួយអ្នកជំនាញបច្ចេកទេស រហូតឈានដល់ចាប់ផ្តើមសាងសង់នូវសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រង ជាទីក្រុងស្អាត ទុកប្រជាពលរដ្ឋរស់នៅក្នុងខេត្តក៏ដូចជាពលរដ្ឋដែលបានឆ្លងកាត់ បានមកទស្សនាកម្សាន្ត រីករាយផងដែរ។
ឆ្លៀតឱកាសនោះ លោកក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយក្រុមការងារបាននឹងកំពុងកសាង ធ្វើរំខានស្ទះផ្លូវមួយរយ:រហូតដល់កសាងត្រូវបានបញ្ចប់ ហើយនឹងត្រូវកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង។
លោកអភិបាលខេត្តបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនេះ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញបច្ចេកទេសពាក់ព័ន្ធ ខិតខំកសាង ទោះជាមានលំបាកខ្លះស្ថិតក្នុងរដូវភ្លៀងក៏បានប្រឹងប្រែងធ្វើបញ្ចប់នៅកន្លែងសំខាន់ៗ ពិសេសវិមានឯករាជ្យសម្តេក្រឡាហោម ស ខេង ជួសជុល និងធ្វើថ្មីផ្លូវថ្នល់ ជាបណ្តើរៗ ក្នុងនោះ ក៏មានការដាក់លូរំដោះទឹកកុំឱ្យលិចផ្លូវ និងមានសួនច្បារ កន្លែងដើរហាត់ប្រាណ ដ៏ស្រស់ស្អាត ដែលស្ថិតនៅកន្លែងជាបេះដូងរបស់ខេត្តបាត់ដំបង ផងដែរ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងផងដែរ សូមមេត្តានាំគ្នាជួយថែរក្សានៅបានយូរអង្វែង និងអំពីអនាម័យបរិស្ថាន ពិសេសសម្រាម សំណល់គ្រប់ប្រភេទ ទុកដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីទុកឱ្យរថយន្តដឹកសម្រាមដឹកយកទៅចោលនៅកន្លែងដែលមានស្រាប់។
លោក សុខ លូ បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងខេត្តទាំងអស់គ្នាធ្វើហើយបានស្អាត គឺចំណេញច្រើន គ្រប់យ៉ាង ពិសេសទាក់ទាញភ្ញៀវទេសចរឆ្លងកាត់ ឬ មកទស្សនា ធ្វើឱ្យអាជីវករលក់ដូរ គ្រប់ប្រភេទ រកចំណូលបានច្រើនជាងមុនកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ព្រោះទីក្រុងបាត់ដំបងធ្លាប់ជាប់ចំណាត់ទីក្រុងស្អាត៣ឆ្នាំជាប់គ្នា ទាំងក្នុងប្រទេសនឹងក្នុងតំបន់អាស៊ាន ទីក្រុងស្អាត និងជាប់ជាទីក្រុងឆ្លាតផងដែរ៕
ដោយ ៖ សហការី