ព័ត៌មានទាន់ហេតុការណ៍៖

កាត់ទោសអនុប្រធានបក្សភ្លើងទៀន ថាច់ សេដ្ឋា រឿងសែកស្អុយ៥សន្លឹក

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣បានបើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់ ។

 សវនាការនេះដឹកនាំដោយលោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជម្រះនិងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។ 

 លោកមេធាវី ជួង ជូងី ជាមេធាវីការពារក្ដីអោយលោកថាច់ សេដ្ឋា បានប្រាប់អ្នកកាសែតនៅខាងក្រៅរបងតុលាការថា កូនក្ដីរបស់លោកបានបដិសេធថាមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការទេ និងស្នើអោយដើមបណ្ដឹងបង្ហាញភស្តុតាង ។

 លោកមេធាវីបានបញ្ជាក់ថា ដូច្នេះចៅក្រមតុលាការបានសម្រេចលើកពេលសវនាការបន្តទៅថ្ងៃក្រោយដើម្បីទុកពេលវេលាអោយគូភាគីផ្ដល់ភស្តុតាងនិងឯកសារដែលពាក់ព័ន្ធក្នុងរឿងក្ដី ។

សមត្ថកិច្ចបានចាប់ខ្លួនលោកថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីកាបង្គាប់របស់ចៅក្រមតុលាការដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឬចេញសែកអត់លុយចំនួនប្រាំសន្លឹក ហើយដែលត្រូវបានប្ដឹងដោយក្រុមហ៊ុន រិន ឆាយ ,ផ ប ស  ។

 នៅព្រឹកថ្ងៃពុធនេះផងដែរនៅខាងមុខអគារតុលាការ មានសមាជិកបក្សភ្លើងទៀនដែលមានភក្ដីភាពជាមួយលោកថាច់ សេដ្ឋា ប្រមាណ១០នាក់បានមកផ្ដល់ការលើកទឹកចិត្តដល់ជនជាប់ចោទ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖