ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច ត្រៀមបញ្ជូនខ្លួន លោកអធិការរងខណ្ឌចំការមន ដែលប្រើហិង្សាលើបុរសម្នាក់ ទៅតុលាការនៅរសៀលនេះហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ហ៊ុត​ គង់​ អធិការ​រង​ខណ្ឌ​ចំការមន​​ ទទួលផែនការងារ ជំនាញកោសល្យវិច័យ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន​ ត្រូវបាននគរបាលជំនាញធ្វើឃាត់ខ្លួនសួរនាំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

នេះបើយោងតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ ឲ្យដឹងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឲ្យសន្លប់នៅកន្លែងកើតហេតុ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖