ក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David Raya ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពីក្លិបBrentford ជាមួយនឹងជម្រើសដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។
Raya វ័យ២៧ឆ្នាំនឹងផ្តល់ការប្រកួតប្រជែងសម្រាប់អ្នកចាំទីជម្រើសទី១សញ្ជាតិអង់គ្លេស Aaron Ramsdale ហើយបានពាក់អាវលេខ២២។គាត់ក៏បានចុះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំជាមួយ Brentford ដើម្បីធានាថាកិច្ចព្រមព្រៀងអាចនឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។
Raya បាននិយាយថា “ខ្ញុំរីករាយដើម្បីអាចទទួលយកការប្រកួតប្រជែងនេះនៅក្នុងអាជីពរបស់ខ្ញុំនិងធ្វើឱ្យជំហានឡើង”។ នាយកក្លិបបាល់ទាត់ Brentford លោក Phil Giles បានពន្យល់ថា ការបន្តកិច្ចសន្យារបស់ Raya ជាការផ្ទេរមិនក្លាយជាអចិន្ត្រៃយ៍ ប៉ុន្តែបាននិយាយថាគាត់ មិនរំពឹងថានឹងឃើញ Raya ត្រឡប់មកវិញនៅ Brentford នោះទេ។
លោក Giles បានប្រាប់គេហទំព័ររបស់ក្លិប Brentford ថា “ខ្ញុំប្រាកដថាសំណួរដំបូងដែលអ្នកគាំទ្រ Brentford ទាំងអស់នឹងសួរគឺហេតុអ្វីបានជាការផ្ទេរនេះត្រូវបានរៀបចំឡើងជាលក្ខខណ្ឌខ្ចីជើងដំបូងជាមួយ Arsenal មានជម្រើសដើម្បីធ្វើឱ្យវាជាអចិន្ត្រៃយ៍នាពេលអនាគត។ ចម្លើយចំពោះរឿងនោះគឺសាមញ្ញថា វាអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះប្រព្រឹត្តទៅបានកាន់តែលឿនរវាងក្លិបទាំងពីរ ដោយភាគីទាំងអស់ចង់ធ្វើឱ្យមានការផ្ទេរជាអចិន្ត្រៃយ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលណាដែលអាចធ្វើទៅបាន”។
នាយកផ្នែកកីឡារបស់ក្លិប Arsenal លោក Edu អះអាងដែរថា “David Rayaគឺជាអ្នកចាំទីដ៏មានគុណភាពមួយរូប ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដល់កម្រិតខ្ពស់ជាមួយក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League។ វត្តមានរបស់អ្នកចាំទីរូបនេះចូលរួមជាមួយពួកយើង យើងកំពុងបន្ថែមគុណភាព និងភាពស៊ីជម្រៅដល់ក្រុមរបស់យើង ដូច្នេះយើងអាចធ្វើបានក្នុងកម្រិតខ្ពស់បំផុតក្នុងការប្រកួតទាំងអស់”។
អ្នកចាំទី Raya កើតនៅទីក្រុង Barcelona បានចូលរួមជាមួយក្លិបBlackburn ក្នុងវ័យ១៦ឆ្នាំ ក្នុងខែកក្កដា ឆ្នាំ២០១២ ជាកន្លែងដែលគាត់បានបង្ហាញខ្លួន១០៨ប្រកួតគ្រប់ការប្រកួតទាំងអស់។ គាត់បានចុះហត្ថលេខាជាមួយ Brentford កាលពីខែកក្កដា ឆ្នាំ២០២៨ ក្នុងតម្លៃខ្លួន៣លានផោន និងជាផ្នែកសំខាន់នៃក្រុមដែលបានឈ្នះការឡើងទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០២១។
គាត់បានរក្សា Clean Sheet ចំនួន១១នៅ Premier League កាលពីរដូវកាលមុន ខណៈដែលក្រុម Brentford បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩។
Raya បានបង្ហាញខ្លួនសរុបចំនួន១៦១លើកសម្រាប់ Brentford និងបានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងសម្រាប់អេស្ប៉ាញទល់នឹងអាល់បានីកាលពីខែមីនា ឆ្នាំ២០២២ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)