ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍១ករណីបានអូសបន្លាយពេលជាង៥ខែ ដែលភាគីជនរងគ្រោះចោទមន្ត្រីនគរបាល២រូបនៃអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ ថាមានចេតនាការពារជនបង្កគ្រោះថ្នាក់។យ៉ាងណាក៏ដោយភាគីជនរងគ្រោះបានដាក់ពាក្យប្ដឹងចូលសាលាដំបូងខេត្តដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់រួចហើយ។
ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅវេលាម៉ោង២២និង៥៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ ស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស រវាងរថយន្តនិងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា ពីលិចទៅកើត។ ប្រភពបានឲ្យដឹងថា រថយន្តបង្កម៉ាក (kea morning) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម ២A-5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពីព្រោះក្រោយកើត ហេតុជនបង្កបានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា មន្ក្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោង ចំណែកអ្នកបើកម៉ូតូ ជាជនរងគ្រោះ ឈ្មោះ នូន រតនា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសបាក់ជើងទាំងសងខាង។
តាមសម្តីភាគីរងគ្រោះ បានសម្ដែងការហួសចិត្ត ក្នុងសំណុំរឿងនេះដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ ក្នុងនោះម្នាក់ឈ្មោះ ឌៀប មករា មន្រ្តីនគរបាលស្រុកសំរោងមានតួនាទីនាយផ្នែកព្រហ្មទណ្ឌ មិនបានសហការ ជាមួយមន្រ្តីជំនាញចរាចរណ៍ស្រុកព្រៃកប្បាសនោះទេ ដោយព្យាយាមលាក់អត្តសញ្ញាណជនបង្ក។
ភាគីជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ក្រោយកើត ហេតុក៏មានមន្រ្តីនគរបាល១រូបទៀត ឈ្មោះ ឌឹម សាញ អធិការរងទទួលផែនគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងចេញមុខយកឯកសាររថយន្ត របស់ជនបង្កមកអោយខាងជនរងគ្រោះ ដោយបង្ខំអោយខាងជនរងគ្រោះ ទទួលយករថយន្តរបស់ជនបង្កជាថ្នូរដើម្បីបញ្ចប់រឿង តែភាគីរងគ្រោះមិនទទួលយក។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីជំនាញបានបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្តតាកែវរួចហើយ។ ភាគីជនរងគ្រោះសំណូមពរ លោកស្នងការនគរបាលខេត្តតាកែវជួយបំភ្លឺ ចំពោះមន្ត្រីនគរបាល២រូប ដែលចេញមុខមកពាក់ព័ន្ធក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ៕
ដោយ៖ សូរិយា