ព័ត៌មានទាន់ហេតុការណ៍៖

មិនមែនជារឿងធម្មតាទេ ខណៈលក់ខ្ទេចខ្ទីបឹងអន្លង់ថ្ងាន់ អាជ្ញាធរខេត្តចាប់ផ្ដើមភ្ញាក់ផ្អើល ហើយអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋវិញបានទេ !

ចែករំលែក៖

ខេត្តកំពត ៖ បញ្ហារំលោភយកបឹង កាប់ទន្ទ្រានព្រៃ ដែលជាបទល្មើស មិនអាចយោគយល់បាន ។ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញបញ្ជា ឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ ចំពោះបទល្មើសបែបនេះ ។

ផ្ទុយទៅវិញ នៅខេត្តកំពត ដែលគេដឹងថា អភិបាលខេត្ត ស្អប់បំផុត ការរំលោភយកបឹង រំលោភដីធ្លី ទីបំផុត បែរជាមានព័ត៌មានថា, បឹង​ធម្មជាតិ​អន្លង់​ថ្ងាន់ ចាប់ពី​ទំនប់​ភ្នំ​គង​លាន់​ លាតសន្ធឹង​ហួស​ភ្នំ​ទឹកធំ​រហូត​ដល់​ព្រំដែន​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​បាន​គេ​លួច​លក់​តាំងពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨​អស់​ទៅ​ហើយ ទោះបី​អ្នកលក់​ដែលមាន​អំណាច​ដឹង​ថា ជា​ការ​លក់​ដោយ​ខុសច្បាប់​ក្ដី ព្រោះគិតថាលុយធំជាងច្បាប់ ។ 

បើយោងតាមការ ផ្សព្វផ្សាយលើបណ្ដាញគេហទំព័រខ្លះ បានលើកឡើងថា, បន្ទាប់​ពី​មានការ​ទិញ​លក់​បឹង​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ ក្រុមហ៊ុន​ក៏បាន​ព្យាយាមជីក​កាយ​ដី​ហ៊ុម​ព័​ទ្ធយក​ភ្នំ​តូច​ៗ និង​ភ្នំ​ទឹកធំ ដោយ​ធ្វើការ​ចាក់​ដី​បន្ថែម​ពីលើ​ផ្លូវដែល​មាន​ពី​មុន ​របស់​វត្ត​គោក​កំបោរ ដែល​នៅ​កៀក​កិត​បំផុត​ជាប់នឹង​ទល់ដែន​វៀតណាម គឺ​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន ។

លោក កៅ ទុន អាយុ​៧៤​ឆ្នាំ ជា​មេ​ភូមិ​អន្លង់​ថ្ងាន់​បាន​និយាយ​រៀបរាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ ថា ដី​បឹង​ធម្មជាតិ​អន្លង់​ថ្ងាន់​នេះ លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់​ភ្នំ​ទឹក​មាន​ចម្ងាយ​៤​គឺ​ឡូ​ម៉ែត្រ ។ លោក​មេ​ភូមិ​និយាយ​ទៀត​ថា អាជ្ញាធរ​បាន​លក់​ដី​ក្នុង​បឹង​ទំហំ​១០០​ហិ​កតា​ទេ ក្នុង​ឆ្នាំ​២០០៧-២០០៨ និង​ដី​ក្រៅពី​នោះ ជា​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​ក៍​លក់​ឱ្យទៅ​ក្រុមហ៊ុន​អស់ហើយ​ដែរ គឺលក់ជាបន្តបន្ទាប់ ។

មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តកំពត​ទើបតែ​ដឹង​ថា បឹង​ធម្មជាតិ​នេះ ត្រូវ​គេ​លួច​លក់​ពេល​មក​ដាំ​កូន​ត្នោត​នៅ​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ភូមិ​អន្លង់​ថ្ងាន់​ជិត​ព្រំដែន​វៀតណាម ក្នុង​ថ្ងៃ​បុណ្យ​ទិវារុក្ខា  ក្រោម​អធិបតីភាព​លោក ម៉ៅ ធនិន អភិបាលខេត្ត ។ ខណៈ​មើលឃើញ​ទិដ្ឋភាព​ដី​បឹង​ធម្មជាតិ​មានការ​ដាំ​បង្គោល​ព្រោង​ព្រាត​លើ​ផ្ទៃ​បឹង ហើយ​ក៏​ដឹង​ថា គេ​មាន​ទាំង​ប្លង់​ទៀត ។ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ដកហូត​បឹង​ធម្មជាតិ​នេះ​មក​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ ទោះបី​គេ​សម្អាង​មាន​ប្លង់​ក៏​ដោយ ។

ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ដែលមិនបានពាក់ព័ន្ធក្នុងសកម្មភាពលក់ដូរដីបឹងនេះ សូមគាំទ្រចំពោះចំណាត់ការរបស់អភិបាលខេត្ត ដែលមានគោលបំណងរឹបអូសយកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។ 

រឿងរ៉ាវ​លក់​ដី​បឹង​ធម្មជាតិ​ក្បែរ​ព្រំដែន​នេះ អាច​នឹង​មាន​ទាក់ទិន​ដល់​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​ឃុបឃិត​គ្នា​លក់ ។ បញ្ហា​ទាំងនេះ មាន​តែ​រង់ចាំ​មើល​ថា តើ​រឿង​លក់​ដី​បឹង​នេះ នឹង​ទៅ​ជា​យ៉ាងណា ? បន្ទាប់ពីមានវិធានការរឹបអូស សូមថ្នាក់ដឹកនាំ បន្តស្វែងរកមុខអ្នកទិញ និងអ្នកលក់ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។ 

គេកំពុងតែឆ្ងល់ថា ! អភិបាលខេត្តកំពត អតីតកាល និងអភិ​បាល​​​​​ស្រុក​​ជាង១០ឆ្នាំកន្លង ហេតុអីក៏មិនដឹង​គេលក់បឹងដ៏មហាសាលនេះ ? គេដាំបង្គោល​​បេ​តុងសម្គាល់ព្រំដីក្នុងបឹងម្លឹងៗ ចេះតែសម្ងំ​សុខទៅកើត…ឱ!អ្នកមានអំណាចពីអតីតកាលអើយ…ឬមួយជាមន្ត្រីជើង១០ ?..។

អភិបាលខេត្តចុងក្រោយ គឺលោក ម៉ៅ ធនិន បានឃើញហើយ…នៅពេលបានឃើញ ក៏ហួសចិត្តបំផុតដែរ  សង្ឃឹមថាលោកនឹងមានវិធានការក្នុងរឿងនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើឲ្យផលប្រយោជន៍សាធារណៈរបស់រដ្ឋ ៕

ដោយ ៖ សហការី


ចែករំលែក៖